អាជ្ញាធរអ៊ីរ៉ាក់ បានប្រាប់ឲ្យដឹងថា ពួកគេបានចាប់ខ្លួនអ្នកអត្ថាធិប្បាយនយោបាយមា្នក់ នៅថ្ងៃពុធ (ទី២៥ ខែមិថុនា) នេះ ជុំវិញការបង្ហោះ ដែលចោទប្រកាន់ថា ប្រព័ន្ធរ៉ាដាយោធាដែលត្រូវបានវាយប្រហារដោយយានដ្រូន ត្រូវបានប្រើប្រាស់ ដើម្បីជួយអ៊ីស្រាអែល ក្នុងជម្លោះ ជាមួយអ៊ីរ៉ង់។
បន្ទាប់ពីតុលាការចេញដីកាខាប់ខ្លួន ក្រសួងការពារជាតិ បានប្រាប់ថា កងកម្លាំងអ៊ីរ៉ាក់បានចាប់ខ្លួន លោក Abbas al-Ardawi ពីបទចែករំលែកខ្លឹមសារតាមប្រព័ន្ធអ៊ីនធឺណិត ដែលរួមបញ្ចូល «ការញុះញង់មានបំណងប្រមាថ និងបរិហារកេរ្តិ៍ស្ថាប័នសន្តិសុខ»។

គួរបញ្ជាក់ថា តាមរយៈសារបង្ហោះនៅលើបណ្ដាញសង្គម X ដែលក្រោយមកត្រូវបានលុបចេញវិញ ប៉ុន្តែត្រូវបានចែករំលែកនៅលើណ្ដាញសង្គមហើយនោះ លោក Ardawi បានប្រាប់អ្នកតាមដានរបស់លោកជាង ៩០.០០០នាក់ថា «រ៉ាដារបស់បារាំង នៅក្នុងមូលដ្ឋាន Taji បានបម្រើឲ្យការឈ្លានពានរបស់អ៊ីស្រាអែល» ហើយត្រូវបានធ្វើឲ្យខូចខាត។
មន្ត្រីបានប្រាប់ថា កាលពីព្រឹកថ្ងៃអង្គារ (ទី២៤ ខែមិថុនា) ពោលគឺប៉ុន្មានម៉ោងមុនមានបទឈប់បាញ់បញ្ចប់ជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែលរយៈពេល ១២ថ្ងៃ យានដ្រូនមិនស្គាល់អត្តសញ្ញាណ បានវាយប្រហារប្រព័ន្ធរ៉ាដា នៅឯមូលដ្ឋានយោធាចំនួន២ នៅតំបន់ Taji ភាគខាងជើងនៃទីក្រុងបាកដាដ និងនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់។
មូលដ្ឋាននៅតំបន់ Taji បានបម្រើជាទីតាំងកងទ័ពអាមេរិកជាច្រើនឆ្នាំកន្លងទៅ ហើយជាគោលដៅវាយប្រហារញឹកញាប់ដោយគ្រាប់រ៉ូកែត។ មិនទាន់មានការអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដោយយានដ្រូនចុងក្រោយនេះទេ ដែលបានវាយប្រហារផងដែរ ចំពោះប្រព័ន្ធរ៉ាដា នៅមូលដ្ឋានទ័ពអាកាស Imam Ali ក្នុងខេត្ត Dhi Qar។
ក្រសួងការពារជាតិអ៊ីរ៉ាក់ បានឲ្យដឹងថា ការចាប់ខ្លួនលោក Ardawi ធ្វើឡើងតាមការណែនាំរបស់នាយករដ្ឋមន្ត្រីដែលបម្រើការជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធផងដែរនោះ «មិនបង្ហាញការអត់ឱន ចំពោះនរណាម្នាក់ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេសឡើយ»។ ក្រសួងបានបន្ថែមថា ទោះបីជា «សេរីភាពនៃការបញ្ចេញមតិ គឺជាសិទ្ធិដែលត្រូវបានធានា ក៏វាត្រូវបានរឹតបន្តឹងដោយផ្អែកលើសន្តិសុខជាតិ និងផលប្រយោជន៍ចម្បងបំផុតរបស់ប្រទេស»៕
