ដោយដកស្រង់សម្តីពីរដ្ឋអាជ្ញាពិសេសមួយរូប ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃពុធ (ទី២៥ ខែមិថុនា) នេះ បានរាយការណ៍ថា តុលាការកូរ៉េខាងត្បូងបានច្រានចោលសំណើស្នើសុំដីកាចាប់ខ្លួនអតីតប្រធានាធិបតី លោក Yoon Suk Yeol ពាក់ព័ន្ធនឹងដំណើរការស៊ើបអង្កេត ជុំវិញការប៉ុនប៉ងរយៈពេលខ្លីរបស់លោក ក្នុងការដាក់ចេញច្បាប់អាជ្ញាសឹក។
អ្នកនាំពាក្យតុលាការទីក្រុងសេអ៊ូល និងការិយាល័យអយ្យការ មិនអាចទាក់ទងបានភ្លាមៗនោះឡើយ ដើម្បីសុំការអត្ថាធិប្បាយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា រដ្ឋអាជ្ញាពិសេសរបស់កូរ៉េខាងត្បូង បានស្នើសុំតុលាការឲ្យចេញដីកាចាប់ខ្លួនលោក Yoon ខណៈដែលការស៊ើបអង្កេតមានកាន់តែខ្លាំងឡើងៗ ជុំវិញការប៉ុនប៉ងមិនជោគជ័យរបស់មេដឹកនាំដែលត្រូវបានទម្លាក់ចេញពីតំណែង ក្នុងការប្រកាសច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ឆ្នាំមុន។
គួររំលឹកថា លោក Yoon ដែលកំពុងប្រឈមនឹងការកាត់ក្តីព្រហ្មទណ្ឌរួចហើយ ជុំវិញការចោទប្រកាន់ពីបទបះបោរ ដោយសារការចេញសេចក្តីប្រកាសច្បាប់អាជ្ញាសឹកនោះ ត្រូវបានចាប់ខ្លួនកាលពីខែមករា បន្ទាប់ពីប្រឆាំងនឹងអាជ្ញាធរដែលព្យាយាមចាប់ខ្លួនលោក ប៉ុន្តែត្រូវបានដោះលែងវិញ ក្រោយរយៈពេល ៥២ថ្ងៃ ដោយសារហេតុផលផ្លូវច្បាប់។
សមាជិកជាន់ខ្ពស់នៃក្រុមស៊ើបអង្កេតពិសេសរបស់រដ្ឋអាជ្ញា បានឲ្យដឹងកាលពីថ្ងៃទី២៤ ខែមិថុនាថា ដីកាថ្មីនេះ គឺស្ថិតនៅក្រោមការចោទប្រកាន់ពីបទរារាំង៕