ការជាប់ពាក់ព័ន្ធដោយផ្ទាល់របស់សហរដ្ឋអាមេរិកនៅក្នុងសង្រ្គាមច្រកអាកាសរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល បានធ្វើឲ្យក្រុមវិនិយោគមានការព្រួយបារម្ភពីច្រកសមុទ្រ Hormuz គឺជាផ្លូវទឹកដ៏តួចចង្អៀតមួយស្ថិតនៅចន្លោះអ៊ីរ៉ង់ និងអូម៉ង់ ដែលលំហូរប្រេងឆៅ និងប្រេងឥន្ធនៈចន្លោះ ១៨លាន និង ១៩លានបារ៉ែលឆ្លងកាត់ក្នុង ១ថ្ងៃ ឬស្មើនឹងជិត ១ភាគ ៥នៃការប្រើប្រាស់សកល ។
តម្លៃប្រេងបានហក់ឡើងខ្ពស់បន្តិចវិញនៅថ្ងៃពុធនេះ ស្របពេលដែលក្រុមវិនិយោគ វាយតម្លៃស្ថិរភាពនៃបទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ។
យោងតាមការវាយតម្លៃចារកម្មដំបូងសហរដ្ឋអាមេរិក បានឲ្យដឹងថា ការវាយប្រហារតាមច្រកអាកាសរបស់សហរដ្ឋអាមេរិក ពុំបានបំផ្លាញសមត្ថភាពនុយក្លេអ៊ែរអ៊ីរ៉ង់នោះឡើយ ស្របពេលដែលបទឈប់បាញ់ដ៏រង្គោះរង្គើររៀបចំឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចូលជាធរមានរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Trump បានចេញមុខច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលអះអាងថា ការវាយប្រហារតាមច្រកអាកាសរបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ មិនបានជោគជ័យក្នុងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់នោះ ។
លោកបានបង្ហោះលើបណ្ដាញព័ត៌មានសង្គម Truth Social ថា គោលដៅត្រូវបានបំផ្លាញទាំងស្រុង ដោយផ្ទុយទៅនឹងការវាយតម្លៃចារកម្មបឋម ដែលបង្ហាញថា ការវាយប្រហារនោះគ្រាន់តែអាចពន្យឺតកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ឲ្យដើរថយក្រោយរយៈត្រឹម២-៣ខែប៉ុណ្ណោះ ៕