អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev នៅថ្ងៃពុធ (ទី២៥ ខែមិថុនា) បាននិយាយថា សហភាពអឺរ៉ុប (EU) បានវិវត្តទៅជាសត្រូវរបស់ប្រទេសរុស្ស៊ី ដែលបង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខរបស់ខ្លួន ហើយឥឡូវនេះ ទីក្រុងមូស្គូបានប្រឆាំងនឹងអ៊ុយក្រែន ដែលចង់ចូលរួមក្នុងប្លុកនេះ។
រុស្ស៊ីបានប្រឆាំងជាយូរមកហើយ ចំពោះក្នុងការចូលរួមរបស់អ៊ុយក្រែនជាមួយសម្ព័ន្ធមិត្តយោធាលោកខាងលិច គឺអង្គណាតូ (NATO) ជាហេតុផលមួយដែលទីក្រុងមូស្គូសំអាងសម្រាប់ការសម្រេចចិត្តរបស់ខ្លួន ក្នុងការធ្វើសង្រ្គាមទ្រង់ទ្រាយធំលើអ៊ុយក្រែន នៅឆ្នាំ២០២២។
ប៉ុន្តែកន្លងមកនេះ វាហាក់មានភាពធូរស្រាលជាងមុន ពាក់ព័ន្ធនឹងការរំពឹងទុក ដែលថា ទីក្រុងគីវក្លាយជាសមាជិករបស់ EU។ ប្រធានាធិបតី Vladimir Putin បាននិយាយកាលពីខែមិថុនា ឆ្នាំ ២០២២ថា រុស្ស៊ីមិនមានអ្វីត្រូវប្រឆាំងនោះទេ ហើយវិមានក្រឹមឡាំង បាននិយាយកាលពីខែកុម្ភៈថា ការចូលរួមក្នុងប្លុកនេះ គឺជាសិទ្ធិអធិបតេយ្យរបស់អ៊ុយក្រែន។
តែលោក Medvedev ដែលឥឡូវនេះជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បាននិយាយថា EU បានប្រែក្លាយពីប្លុកសេដ្ឋកិច្ចដែលធ្វើគ្រប់យ៉ាង ដើម្បីទប់ស្កាត់សង្គ្រាម ទៅជាអ្វីដែលលោកហៅថា អង្គការនយោបាយប្រឆាំងរុស្ស៊ី ដែលកំពុងប្រែក្លាយបន្តិចម្តងៗទៅជាប្លុកយោធា។
លោក Medvedev បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «ទីក្រុងប្រ៊ុចសែល សព្វថ្ងៃនេះ គឺជាសត្រូវពិតប្រាកដរបស់រុស្ស៊ី។ នៅក្នុងទម្រង់ប្រែប្រួលបច្ចុប្បន្នរបស់ប្លុកនេះ សហភាពអឺរ៉ុបគំរាមកំហែងដល់យើងមិនខុសពីសម្ព័ន្ធភាពអាត្លង់ទិកខាងជើងនោះទេ»។
លោកបានបញ្ជាក់ថា ដូច្នេះ វាគឺជាការកំហុសឆ្គង ដែលត្រូវនិយាយថា ឥឡូវនេះ អ៊ុយក្រែនគួរមានសេរីភាព «ចូលរួមប្លុកណាក៏បានដែលប្រទេសនេះចង់» ក្រៅពីអង្គការណាតូនោះ។
អ៊ុយក្រែនបានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុបភ្លាមៗ បន្ទាប់ពីសង្គ្រាមចាប់ផ្តើមផ្ទុះឡើង ក្នុងឆ្នាំ ២០២២ ហើយត្រូវបានផ្តល់ឋានៈជាបេក្ខជន នៅក្រោយឆ្នាំនោះ៕