អាមេរិក៖ នគរបាលកំពុងស៊ើបអង្កេតកាលពីថ្ងៃអង្គារ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បើកការបាញ់ប្រហារយ៉ាងសេរី នៅទូទាំងសង្កាត់ពាណិជ្ជកម្មមួយចំនួនក្នុង និងជុំវិញទីក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក ដោយបានសម្លាប់មនុស្ស ៤នាក់ និងរបួស ៣នាក់ផ្សេងទៀតរួមទាំងមន្ត្រីម្នាក់ផងដែរ ខណៈដែលនគរបាលបានតាមចាប់ខ្លួនជនដៃដល់។

នគរបាលបាននិយាយថា ជនសង្ស័យក៏បានស្លាប់ផងដែរកាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីមានការបាញ់តដៃជាមួយក្រុមមន្ត្រីនៅក្នុងតំបន់ផ្សារទំនើបមួយកន្លែងនៅជាយក្រុង Denver នៃទីក្រុង Lakewood។ នគរបាលបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតពីកត្តាដែលនាំឱ្យមានការបាញ់ប្រហារនេះ។ លោក Paul Pazen ស្នងការនគរបាលក្រុង Denver បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា យើងត្រូវតែស្វែងរកឱ្យឃើញថា អ្វីជាហេតុផលនៅពីក្រោយការបាញ់រះនេះ។ លោក Pazen បាននិយាយថា ការបាញ់ប្រហារបានចាប់ផ្ដើមភ្លាមៗ បន្ទាប់ពីម៉ោង ៥ល្ងាចនៅកណ្ដាលក្រុង Denver តាមបណ្ដោយផ្លូវ Broadway ដែលជាផ្លូវដ៏មមាញឹកមួយសំបូរដោយហាង បារ និងភោជនីយដ្ឋាន ជាទីដែលស្ត្រីពីរនាក់បានស្លាប់ និងបុរសម្នាក់បានរងរបួស។ កាលពីថ្ងៃអង្គារ ការអុជទៀន និងការដាក់ផ្កាត្រូវបានដាក់នៅមាត់ទ្វារហាងសាក់ក្បែរនោះ។ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ក៏មានហេតុការបាញ់ប្រហារមួយកើតឡើងផងដែរនៅជាយក្រុង Chicago នៅឯផ្សារទំនើបមួយពេញដោយមនុស្សជាអ្នកទិញទំនិញក្នុងឱកាសបុណ្យ ដែលបានបណ្ដាលឲ្យមនុស្ស ៤នាក់រងរបួស ប៉ុន្តែពុំបានបង្កគ្រោះគំរាមកំហែងដល់អាយុជីវិតទេ៕
អត្ថបទ៖ សុខមាន