នៅថ្ងៃពុធនេះ ក្រុមហ៊ុនអាកាសចរណ៍ បានចាប់ផ្តើមឡើងវិញជើងហោះហើរចេញ-ចូលទីក្រុងតែល អាវីវ ស្របពេលមានបទឈប់បាញ់ជាមួយអ៊ីរ៉ង់ បន្ទាប់ពីដែនអាកាសអ៊ីស្រាអែល ត្រូវបានបិទអស់រយៈពេលជិត ២សប្តាហ៍ ។
យោធាអ៊ីស្រាអែល បានដកចេញការរឹតត្បិតសកម្មភាពនៅទូទាំងប្រទេសកាលពីល្ងាចថ្ងៃអង្គារ រយៈពេល ១២ថ្ងៃ ក្រោយពេលអ៊ីស្រាអែល និងអ៊ីរ៉ង់ បើកការវាយប្រហារតាមច្រកអាកាសលើគ្នាទៅវិញទៅមក ។
ក្រុមមន្រ្តីនិយាយថា អាកាសយានដ្ឋាន Ben Gurion ដែលជាអាកាសយានដ្ឋានដ៏សំខាន់នៅក្នុងប្រទេសមួយនេះ បានបើកដំណើរការឡើងវិញហើយ ។
អាជ្ញាធរអាកាសយានដ្ឋានអ៊ីស្រាអែល និយាយថា ពួកគេបានទាក់ទងជាមួយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីព្យាយាមពន្លឿនការវិលត្រឡប់មករកការធ្វើចរាចរណ៍លើអាកាសវិញ ស្របពេលដែលអ្នកដំណើរអ៊ីស្រាអែលរាប់ម៉ឺននាក់ បានជាប់ខ្លួននៅបរទេស បន្ទាប់ពីការចាប់ផ្តើមសង្រ្គាមអ៊ីស្រាអែល-អ៊ីរ៉ង់កាលពីថ្ងៃទី ១៣ ខែមិថុនាកន្លងទៅ ។
ក្រុមហ៊ុន El Al Israel Airlines ELAL.TA ដែលជាក្រុមហ៊ុនដឹកជញ្ជូនចងទង់ជាតិអ៊ីស្រាអែល និយាយថា ពួកគេកំពុងធ្វើការ ដើម្បីនាំពលរដ្ឋអ៊ីស្រាអែលវិលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ ។
ដោយឡែក ជើងហោះចាកចេញ បានប្រតិបត្តិការផងដែរ ហើយជនបរទេសដែលជាប់ខ្លួននៅអ៊ីស្រាអែល អាចចាកចេញពីប្រទេសមួយនេះ ៕