ប្រធានាធិបតីបារំាងលោក Emmanuel Macron បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា អឺរ៉ុបនឹងចំណាយបន្ថែមទៀតលើវិស័យការពារជាតិ ដើម្បីបំពាក់គ្រឿងយុទ្ធោបករណ៍ល្អប្រសើរជាងនេះ ជាការប្រឈមនឹងការគំរាមកំហែងពីរុស្ស៊ី ប៉ុន្តែបណ្តាប្រទេសអឺរ៉ុបមិនអាចត្រូវបានស្នើសុំឲ្យចំណាយច្រើនជាងមុននោះឡើយ ស្របពេលដែលពួកគេប្រឈមនឹងសង្រ្គាមពាណិជ្ជកម្ម ។
លោក Macron បញ្ជាក់ថា ពួកយើងនឹងធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់ ដោយសារការគំរាមកំហែងរបស់រុស្ស៊ី ។
ពន្ធបដិការសកលរបស់លោក DonaldTrump បង្កឲ្យមានការភ្ញាក់ផ្អើលនៅទូទាំងពិភពលោក ។ នៅថ្ងៃទី ៩ ខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានដំឡើងពន្ធ ១០ភាគរយលើការនាំចូលទាំងអស់ បន្ថែមពីលើអត្រាពន្ធបដិការខ្ពស់ជាងមុនសម្រាប់ប្រទេសដែលសហរដ្ឋអាមេរិកមានឱនភាពពាណិជ្ជកម្មធំ ។ ក្រោយមក លោកបានផ្អាក និងបន្ទាបអត្រាពន្ធទាំងនោះ ប៉ុន្តែនៅរក្សាអត្រាពន្ធ ១០ភាគរយដដែល ។
ខណៈពេលនោះដែរ អគ្គលេខាធិការអង្គការណាតូលោក Mark Rutte មានជំនឿចិត្តថា សម្ព័ន្ធមិត្តយោធាមួយនេះ នឹងឯកភាពគ្នាបង្កើនគោលដៅថ្លៃការពារជាតិរបស់ពួកគេដល់ ៥ភាគរយនៅថ្ងៃពុធនេះ អំឡុងកិច្ចប្រជុំកំពូលក្រុងឡាអេ បើទោះបីជាមានការជំទាស់ពីសមាជិកមួយចំនួនក៏ដោយ ។
លោក Rutte និយាយថា លោកពុំព្រួយបារម្ភនោះឡើយចំពោះការរារាំងការផ្លាស់ប្តូរនេះរបស់អេស្ប៉ាញ ក្រោយពេលពួកគេប្រកាសថា វាគ្មានតម្រូវការសោះឡើយក្នុងការឈានដល់គោលដៅនោះ ៕