សារព័ត៌មាន Kyiv Post បានរាយការណ៍ថា រុស្ស៊ី គ្រោងនឹងបណ្តុះបណ្តាលបុគ្គលិកយោធាចិន រាប់រយនាក់នៅឆ្នាំនេះ លើមេរៀនដែលបានមកពីប្រតិបត្តិការយោធាជាបន្តបន្ទាប់របស់ខ្លួនលើអ៊ុយក្រែន។

ប្រភពនៅទីភ្នាក់ងារចារកម្មសម្ងាត់កំពូលរបស់អ៊ុយក្រែន បានប្រាប់ទីភ្នាក់ងារព័ត៌មាននេះថា គ្រូបង្ហាត់បង្រៀនរបស់រុស្ស៊ី នឹងផ្ដោតលើវិធីសាស្រ្តសម្រាប់យកឈ្នះ និងទប់ទល់ប្រព័ន្ធសព្វាវុធដែលប្រើប្រាស់ដោយកងកម្លាំងអ៊ុយក្រែន ដែលផលិតដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធយោធាណាតូ។
របាយការណ៍និយាយថា ក្នុងចំណោមបុគ្គលិកកងទ័ពរំដោះប្រជាជនចិនចំនួន ៦០០នាក់ ដែលគ្រោងនឹងហ្វឹកហាត់នៅមជ្ឈមណ្ឌល និងមូលដ្ឋានយោធារុស្ស៊ី ការយកចិត្តទុកដាក់ពិសេសនឹងត្រូវបានផ្តល់ដល់អ្នកឯកទេសការពារដែនអាកាស វិស្វករ និងប្រតិបត្តិករកាំភ្លើងធំ និងរថក្រោះ។
ការហ្វឹកហ្វឺននេះនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសន្តិសុខរវាងរុស្ស៊ី និងចិន ក្នុងសម្ព័ន្ធមិត្ត "គ្មានដែនកំណត់" របស់ខ្លួន ដែលនៅប៉ុន្មានឆ្នាំថ្មីៗនេះបានបង្កើនសមយុទ្ធយោធារួមគ្នា។ ការយល់ដឹងអំពីសមរភូមិលើសព្វាវុធរបស់សហរដ្ឋអាមេរិក អាចផ្តល់នូវអត្ថប្រយោជន៍ដ៏ធំមួយក្នុងពេលដែលចិន ចង់វ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយជាមហាអំណាចយោធាឈានមុខគេនៅឥណ្ឌូប៉ាស៊ីហ្វិក។
ក្រុមអ្នកវិភាគផ្នែកសន្តិសុខនិយាយថា ចិន បានសិក្សាយ៉ាងដិតដល់នូវសង្គ្រាមអ៊ុយក្រែន និងការឆ្លើយតបរបស់ពិភពលោក ហើយអាចអនុវត្តមេរៀនទាំងនេះក្នុងការក្រសោបយកកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង បានប្តេជ្ញាបង្រួបបង្រួមពេញលេញតាមរយៈកម្លាំង ប្រសិនបើចាំបាច់៕


