មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ចិន បាននិយាយថា វិសម្ពាធព្យុះត្រូពិកបានបោកបក់ដល់ដីទៅលើខេត្តកោះ ហៃណាន របស់ប្រទេសចិន នៅព្រឹកថ្ងៃព្រហស្បតិ៍ (២៦ មិថុនា) នេះ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតទៅដល់តំបន់មួយដែលទើបតែឆ្លងផុតពីព្យុះទីហ្វុង វូទីប (Wutip) បោកបក់កាលពី ២សប្តាហ៍មុន។

ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា វិសម្ពាធត្រូពិកនេះត្រូវបានរំពឹងថានឹងផ្លាស់ទីពីទីក្រុង វិនឆាង (Wenchang) ឆ្លងកាត់ចុងភាគឦសានរបស់កោះនេះ មុនពេលធ្វើដំណើរត្រឡប់ទៅសមុទ្រចិនខាងត្បូងវិញ រួចបោកបក់ដល់ដីគោកជាទីពីរនៅក្នុងខេត្តក្វាងតុង ភាគខាងត្បូងរបស់ប្រទេសចិន ដោយចុះខ្សោយបន្តិចម្តងៗនៅតាមផ្លូវរបស់ខ្លួន។
ខ្យល់ព្យុះខ្លាំងក្លា និងទឹកជំនន់ធ្ងន់ធ្ងរ ដែលឧតុនិយមបានផ្សារភ្ជាប់ទៅនឹងបម្រែបម្រួលអាកាសធាតុ កាន់តែបង្កើនបញ្ហាប្រឈមធំៗសម្រាប់មន្ត្រីចិន ខណៈពួកគេកំពុងលំបាកក្នុងការទប់ស្កាត់បញ្ហាទឹកជំនន់ដ៏យូរលង់ក្នុងប្រទេស ការជម្លៀសមនុស្សរាប់លាននាក់ និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារ។
ព្យុះនេះនឹងសាកល្បងម្តងទៀតនូវប្រព័ន្ធការពារទឹកជំនន់នៃខេត្តក្វាងតុង ដែលមានប្រជាជនរស់នៅច្រើន ក៏ដូចជា ក្វាងស៊ី និង ហ៊ូណាន។ មនុស្សយ៉ាងតិច ៥នាក់បានស្លាប់ ហើយមនុស្សរាប់សែននាក់ត្រូវជម្លៀសចេញ នៅពេលដែលព្យុះ Wutip បានគ្រហឹមពាសពេញតំបន់នេះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ដោយធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង និងបំផ្លាញផ្លូវថ្នល់ និងដំណាំកសិកម្មជាច្រើន៕

