ប្រេស៊ីល៖ ទីក្រុងសរុបចំនួន ១១៦ នៅក្នុងរដ្ឋ Bahia ភាគឦសានប្រទេសប្រេស៊ីលបានស្ថិតក្នុងរដ្ឋក្នុងភាពអាសន្ន ដោយសារតែទឹកជំនន់កាលពីថ្ងៃអង្គារបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង។ ទីក្រុងនៅក្នុងរដ្ឋយ៉ាងហោចណាស់ ៥ផ្សេងទៀតនៅភាគខាងជើង និងភាគអាគ្នេយ៍របស់ប្រទេសប្រេស៊ីលត្រូវបានជន់លិចផងដែរនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

នៅរដ្ឋ Bahia ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនជាង ៤៧០.០០០នាក់។ យ៉ាងហោចណាស់នៅក្នុងទីក្រុងចំនួន ៥០ ទឹកបានហូរចូលទៅក្នុងលំនៅឋាន និងអាជីវកម្ម ហើយប្រជាជនត្រូវបានបង្ខំឱ្យបោះបង់ចោលទ្រព្យសម្បត្តិរបស់ពួកគេ។ ទិន្នន័យផ្លូវការពីរដ្ឋាភិបាលរដ្ឋបាននិយាយថា ប្រជាជន ៣៤,១៦៣នាក់គ្មានផ្ទះសម្បែង និងជិត ៤៣,០០០នាក់ត្រូវផ្លាស់ទីលំនៅ។ មនុស្សសរុប ២១នាក់បានស្លាប់ និងរបួស ៣៥៨នាក់ដោយសារគ្រោះធម្មជាតិនេះចាប់តាំងពីដើមខែមក។ យោងតាមគេហទំព័ររបស់មជ្ឈមណ្ឌលជាតិសម្រាប់ការតាមដាន និងការជូនដំណឹងអំពីគ្រោះមហន្តរាយធម្មជាតិ ដែលជាទីភ្នាក់ងាររដ្ឋាភិបាលបាននិយាយថា នេះជាអំឡុងពេលធ្លាក់ភ្លៀងធ្លាក់ខ្លាំងបំផុតសម្រាប់រដ្ឋ Bahia ក្នុងរយៈពេល ៣២ឆ្នាំចុងក្រោយនេះ។ នៅភាគខាងត្បូងរដ្ឋ Bahia ប្រទេសប្រស៊ីលមានភ្លៀងធ្លាក់ច្រើនជាង ៥ដងនៃបរិមាណទឹកភ្លៀងធម្មតាសម្រាប់ពេលនេះនៃឆ្នាំនេះ។ កាលពីថ្ងៃអង្គារ ប្រជាជនយ៉ាងហោចណាស់នៅក្នុងក្រុងចំនួន ៤ នៃរដ្ឋ Bahia បានទទួលការព្រមានឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ ដោយសារតែការកើនឡើងនៃលំហូរនៃទន្លេ Pardo ដោយសារតែការបើកទ្វារទំនប់ទឹក៕
អត្ថបទ៖ ប៊ុនថន