បាត់ដំបង៖ នៅម៉ោង៩ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង និងច្រកទ្វារព្រំដែនអន្តរជាតិបានឡែម ខេត្តច័ន្ទបុរី ប្រទេសថៃ បានបើកដំណើរការច្រកថ្មើជើង ដើម្បីឱ្យពលករខ្មែរវិលត្រឡប់មកស្រុកកំណើតវិញ។
ជាមួយនឹងការវិលត្រឡប់ជាបន្តបន្ទាប់របស់ពលករខ្មែរនេះ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកដែលប្រចាំការ នៅច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានផ្ដល់ផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែបការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ នៅប្រទេសថៃដែលមាន បំណងវិលត្រឡប់មកស្រុកកំណើតវិញ។
ចំពោះច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារតំបន់ព្រំដែនចំនួន៤ផ្សេង បានសម្របសម្រួលឱ្យសិស្សឆ្លងកាត់ ប៉ុន្តែសម្រាប់ការធ្វើដំណើរ និងការដោះដូរទំនិញត្រូវបានបិទទាំងស្រុង។
អ្វីដែលជាការកត់សម្គាល់នៅម៉ោង៨ព្រឹកនេះ ភាគីថៃ បានបើកច្រកទ្វារព្រំដែនទាំងអស់ ដែលជាប់ជាមួយខេត្តបាត់ដំបង ប៉ុន្តែចំពោះការចរាចរណ៍ទំនិញក៏ដូចជាការធ្វើដំណើរចេញចូលមិនអនុញ្ញាតនោះទេ អាចនិយាយបានថា ភាគីថៃបើកច្រកព្រំដែនគ្រាន់តែជារូបភាពបំភ័ន្ត ភ្នែកមហាជន ដើម្បីលាំងបាំងពុតត្បុតអាក្រក់របស់ខ្លួនតែប៉ុណ្ណោះ៕





