អតីតចៅក្រមតុលាការធម្មនុញ្ញមួយរូបរបស់ថៃ បានសម្តែងទំនុកចិត្តកាលពីថ្ងៃពុធ (២៥ មិថុនា) ថា តុលាការនឹងទទួលយកញត្តិប្រឆាំងនឹងនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នៅថ្ងៃទី០១ ខែកក្កដា ខាងមុខនេះ ហើយផ្អាកតំណែងលោកស្រីនៅពេលនោះ ខណៈជម្លោះនយោបាយផ្ទៃក្នុងរបស់ប្រទេសនេះមិនបានធូរស្បើយ។

ថ្លែងតាមទូរសព្ទក្នុងបទសម្ភាសន៍ផ្សាយផ្ទាល់នៅកម្មវិធីមួយរបស់ទូរទស្សន៍ថៃ Nation TV លោក Jaral Phakdeethanakul បាននិយាយថា លោកបានផ្អែកការយល់ឃើញរបស់លោកទៅលើបទពិសោធន៍ជាអតីតចៅក្រមតុលាការធម្មនុញ្ញជាច្រើនឆ្នាំ។ លោកបានកំពុងសំដៅលើញត្តិមួយដែលដាក់ជូនដោយប្រធានព្រឹទ្ធសភា Mongkol Surasajja ដែលចោទប្រកាន់លោកស្រី Paetongtarn ពីបទរំលោភក្រមសីលធម៌ធ្ងន់ធ្ងរ និងស្នើសុំឱ្យមានការផ្អាកតំណែងរបស់លោកស្រីជាបន្ទាន់ ខណៈពេលដែលតុលាការកំពុងពិចារណាករណីនេះ។

អតីតចៅក្រមរូបនេះបន្ថែមថា តុលាការអាចនឹងរកឃើញថា លោកស្រី Paetongtarn មិនស័ក្តិសមក្នុងការបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីទៀតទេ ស្របពេលមានជម្លោះនយោបាយផ្ទៃក្នុងដែលកំពុងបន្តយ៉ាងច្របូកច្របល់។ គួរឱ្យដឹងថា តុលាការធម្មនុញ្ញថៃ គ្រោងនឹងជួបប្រជុំនៅថ្ងៃទី០១ ខែកក្កដា ដើម្បីជជែកវែកញែកលើសំណុំរឿងនេះ។
នៅពេលត្រូវសាកសួរថា តើលោកនឹងបោះឆ្នោតគាំទ្រឱ្យតុលាការផ្តល់អាទិភាពលើញត្តិនេះឬទេ ប្រសិនបើលោកនៅតែជាចៅក្រមនោះ លោក Jaral បានឆ្លើយថា៖ “រូបលោកយល់ឃើញថា នេះជាការចាំបាច់បំផុតសម្រាប់តុលាការធម្មនុញ្ញក្នុងការជំរុញញត្តិនេះយកទៅពិចារណាជាបន្ទាន់"។ លោក Jaral បានទទួលស្គាល់ថា ការផ្អាកតំណែងនាយករដ្ឋមន្ត្រីក្នុងអំឡុងពេលការពិភាក្សារបស់តុលាការ នឹងក្លាយជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែលោករំពឹងថា តុលាការនឹងចេញដីកាបែបនោះប្រាកដណាស់៕