ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបញ្ជាក់កាលពីថ្ងៃពុធ ទី២៥ មិថុនា ថា លោកនឹងពិចារណាផ្តល់មីស៊ីលប៉ាទ្រីយ៉ូត(Patriot) បន្ថែមទៀតដែលអ៊ុយក្រែនត្រូវការដើម្បីការពារប្រឆាំងការវាយលុករបស់រុស្ស៊ី ហើយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin «ពិតជាត្រូវតែបញ្ចប់សង្គ្រាមនេះ»។

ការថ្លែងលើកឡើងរបស់លោក បានធ្វើឡើងបន្ទាប់ពីជំនួបរយៈពេល៥០នាទី ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅក្រៅកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូនៅទីក្រុងឡាអេ ប្រទេសហូឡង់។ មេដឹកនាំទាំងពីរ បានចាត់ទុកថា វាជាជំហានវិជ្ជមានក្នុងជម្លោះដែល លោក Trump បានពិពណ៌នាថា «ពិបាកជាងសង្គ្រាមណាណាទាំងអស់»។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានដែលលោកបានសាទរកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតផ្ទាល់ខ្លួនរបស់លោកនៅមជ្ឈិមបូព៌ា លោក Trump បាននិយាយថាមីស៊ីលប៉ាទ្រីយ៉ូត «ពិបាកនឹងទទួលបានណាស់» ប៉ុន្តែ «យើងនឹងពិនិត្យមើល ថាតើយើងអាចផ្តល់ឲ្យមួយចំនួនដែរឬយ៉ាងណា» ។
លោក Trump បានបើកចំហនូវលទ្ធភាពនៃការផ្តល់ជំនួយយោធាបន្ថែមទៀតដល់ទីក្រុងគីវ ដែលបានរងការលំបាកពីការរុលចូលរបស់រុស្ស៊ីនៅសមរភូមិ ក្នុងប៉ុន្មានខែថ្មីៗនេះ។


