បាល់ទាត់៖ ខ្សែបម្រើព័រទុយហ្កាល់ Bruno Fernandes នឹងមិនអាចជួយក្រុមបានឡើយពេល Manchester United ជួបជាមួយ Burnley យប់ថ្ងៃព្រហស្បតិ៍ស្អែកនេះ។ កីឡាករវ័យ ២៧ឆ្នាំរូបនេះត្រូវរងបម្រាម ១ប្រកួតបន្ទាប់ពីទទួលបានកាតលឿងសរុបចំនួន ៥ ពោលគឺកាតលឿងទី៥ នៅពេល Manchester United ស្មើនៅទឹកដី Newcastle United ១-១ កាលពីយប់ថ្ងៃចន្ទ។

Bruno ទទួលបានកាតលឿងនៅវគ្គទី២ នៅកីឡដ្ឋាន St. James Park បន្ទាប់ពីប៉ះពាក្យសំដីជាមួយអាជ្ញាកណ្តាល Craig Pawson។ តាមច្បាប់របស់ Premier League កីឡាករណាដែលទទួលបានកាតលឿងសរុបចំនួន ៥ ក្នុង ១៩ប្រកួតដំបូងនឹងត្រូវជាប់បម្រាមមួយប្រកួតមានន័យថា Bruno Fernandes នឹងអវត្តមានពេល Manchester United ជួបជាមួយ Burnley នៅ Old Trafford យប់ស្អែកនេះ។ ក្រុមរបស់លោក Ralf Rangnick កំពុងឈរលេខ ៧ ក្នុងតារាងមាន ២៨ពិន្ទុក្រោយលេងបាន ១៧ប្រកួត ខណៈ Burnley ឈរលេខ ១៨ មាន ១១ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ