សារព័ត៌មាន Anadolu របស់ទួរគី បានរាយការណ៍ថា ចលនាតស៊ូប៉ាឡេស្ទីន ហាម៉ាស បានអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួនកាលពីថ្ងៃពុធ (២៥ មិថុនា) ចំពោះកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលដើម្បីសម្រេចបានបទឈប់បាញ់ដ៏ទូលំទូលាយ និងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស-ចំណាប់ថ្នូរ នៅតំបន់ហ្កាហ្សា។

ក្រុមសកម្មប្រយុទ្ធនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ហាម៉ាសសូមបញ្ជាក់ឡើងវិញនូវការបន្តចូលរួមជាវិជ្ជមានរបស់ខ្លយនជាមួយនឹងការខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួល ព្រមទាំងគំនិត ឬសំណើដ៏ម៉ឺងម៉ាត់ណាមួយ ដែលអាចនាំឱ្យមានកិច្ចព្រមព្រៀងដ៏ទូលំទូលាយនៅហ្កាហ្សា"។
ក្រុមនេះបានបញ្ជាក់ពីជំហររបស់ខ្លួនថា កិច្ចព្រមព្រៀងទូលំទូលាយត្រូវតែរួមបញ្ចូល “ការបញ្ឈប់ការឈ្លានពាន និងសង្គ្រាមប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ធានាបាននូវបទឈប់បាញ់ជាអចិន្ត្រៃយ៍ ធានាការដកទ័ពទាំងស្រុងចេញពីតំបន់ហ្កាហ្សា ធានាលំហូរនៃជំនួយមនុស្សធម៌ជាបន្ទាន់ ផ្តួចផ្តើមការកសាងឡើងវិញ និងឈានដល់កិច្ចព្រមព្រៀងដោះដូរអ្នកទោសដោយម៉ឺងម៉ាត់”។
គួរឱ្យដឹងថា កិច្ចប្រឹងប្រែងបទឈប់បាញ់ហ្កាហ្សាកន្លងមកមិនទទួលបានផ្លែផ្កាទេ ដោយសារភាពជាប់គាំងជាច្រើន។ ក្រុមហាម៉ាស ចង់បានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ដែលនឹងអនុញ្ញាតឱ្យក្រុមនេះរក្សាឥទ្ធិពលនៅក្នុងតំបន់ហ្កាហ្សាក្រោយសង្គ្រាម។ ចំណែកអ៊ីស្រាអែល ចង់បានតែកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយដែលអាចឱ្យខ្លួនបន្តកិច្ចប្រឹងប្រែងដែលមិនទាំន់សម្រេច ក្នុងការកម្ចាត់ឬសគល់ក្រុមហាម៉ាសប៉ុណ្ណោះ៕

