ការសិក្សាថ្មីមួយរកឃើញថា ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៧៥.២០០នាក់ ត្រូវបានសម្លាប់នៅដែនដីហ្កាហ្សា រវាងខែតុលា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៥ ដែលជាលទ្ធផលផ្ទាល់ពីយុទ្ធនាការយោធាអ៊ីស្រាអែល។

តួលេខថ្មីនេះគឺជិត ៤០% ខ្ពស់ជាងចំនួនអ្នកស្លាប់ផ្លូវការ ដែលរាយការណ៍ដោយក្រសួងសុខាភិបាលហ្កាហ្សា សម្រាប់រយៈពេលដូចគ្នានោះ ដែលឈរនៅប្រមាណជា ៤៥.៦៥០នាក់។
មកទល់ពេលនេះ អាជ្ញាធរសុខាភិបាលហ្កាហ្សាបាននិយាយនៅថ្ងៃអាទិត្យ (២២ មិថុនា) ចុងសប្ដាហ៍កន្លងទៅថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនឡើងដល់ជិត ៥៦.០០០នាក់ហើយ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងក្រុមហាម៉ាស និងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។

អត្ថបទសិក្សាថ្មីក្រោមចំណងជើងថា "តួលេខអ្នកស្លាប់ដោយហិង្សា និងអហិង្សាក្នុងសង្រ្គាមហ្កាហ្សា៖ ភស្តុតាងមឋមថ្មី" ពីក្រុមស្រាវជ្រាវរួមគ្នាជាច្រើនពីសកលវិទ្យានានានៅអឺរ៉ុប អង់គ្លេស និងអាមេរិក បានបង្ហាញលទ្ធផលពីការស្ទង់មតិមរណភាពហ្កាហ្សា លើក្រុមគ្រួសារទ្រង់ទ្រាយធំនៅដែនដីប៉ាឡេស្ទីននេះ ចន្លោះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។ របាយការណ៍នេះគឺជាការប៉ាន់ប្រមាណគ្រប់ជ្រុងជ្រោយ និងតាមបែបវិទ្យាសាស្រ្តនៃការស្លាប់ពាក់ព័ន្ធនឹងសង្រ្គាមក្នុងតំបន់ហ៊ុមព័ទ្ធ រហូតមកដល់ពេលវេលានោះ។

របាយការណ៍ក៏ប៉ាន់ប្រមាណផងដែរនូវការស្លាប់ ៨.៥៤០នាក់ដោយអហិង្សា ព្រោះភាពអត់ឃ្លាន ជំងឺ និងការដួលរលំនៃប្រព័ន្ធថែទាំសុខភាព ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៃសង្រ្គាមឡើងរហូតដល់ជិត ៨៤.០០០នាក់។ ការស្ទង់មតិរកឃើញថា តួលេខ ៥៦,២% នៃការស្លាប់ដោយហិង្សា គឺក្នុងចំនោមស្ត្រី កុមារ និងមនុស្សចាស់ ដែលជាតួលេខស្របនឹងរបាយការណ៍របស់ក្រសួងសុខាភិបាលហ្កាហ្សា ប៉ុន្តែផ្ទុយនឹងការអះអាងដែលថាក្រសួងនេះបានបំប៉ោងការស្លាប់ជនស៊ីវិល៕