អាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារនៅលំនៅឋានមួយកន្លែងកណ្តាលទីក្រុង Irapuato ប្រទេសម៉ិកស៊ិក ហើយអ្នកស្លាប់រួមមានទាំងកុមារ។

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម (Claudia Sheinbaum) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «វាគឺជាឃាតកម្មដ៏គួរឱ្យរន្ធត់ ហើយការស៊ើបអង្កេតកំពុងត្រូវបានអនុវត្ត»។
អាជ្ញាធរសន្តិសុខ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេបានបើកប្រតិបត្តិការស្វែងរកអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

ការិយាល័យរដ្ឋអាជ្ញាសម្រាប់រដ្ឋ Guanajuato ជារដ្ឋភាគកណ្តាលដែលការវាយប្រហារបានកើតឡើងបានបញ្ជាក់ពីការវាយប្រហារនេះ ខណៈការិយាល័យសន្តិសុខស៊ីវិលរបស់ទីក្រុង Irapuato បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា «យោងតាមទិន្នន័យបឋម មនុស្ស១០នាក់ស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសដោយសារគ្រាប់កាំភ្លើង»។
រដ្ឋាភិបាលតំបន់ បានថ្កោលទោសអំពើហិង្សានេះ និងបានបង្ហាញពីសាមគ្គីភាពរបស់ខ្លួនជាមួយជនរងគ្រោះ សាច់ញាតិ និងប្រជាជនផ្សេងទៀតដែលរងផលប៉ះពាល់ដោយ «សកម្មភាពដ៏កំសាកនេះ»។