ពលរដ្ឋអាមេរិក ត្រូវបានព្រមានកុំឱ្យធ្វើដំណើរទៅលីបង់ ដោយសារភាពចលាចលនៅមជ្ឈិមបូព៌ា។ ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីណែនាំ "ការធ្វើដំណើរកម្រិតទី៤" ខ្ពស់បំផុតរបស់ខ្លួនកាលពីថ្ងៃអង្គារ (២៤ មិថុនា) សប្ដាហ៍នេះ ដោយលើកឡើងពី "ស្ថានភាពសន្តិសុខដែលប្រែប្រួល និងមិនអាចទាយទុកជាមុនបាននៅក្នុងតំបន់មជ្ឈិមបូព៌ា"។

ការព្រមានថ្មីនេះកើតឡើង ២សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីការព្រមាន "កុំធ្វើដំណើរ" លើអ៊ីរ៉ាក់ នៅថ្ងៃទី១១ ខែមិថុនា ដោយសារគ្រោះថ្នាក់ដែលបង្កឡើងដោយអំពើភេរវកម្ម និងចលាចលស៊ីវិល។ គួរឱ្យដឹងថា សេចក្ដីណែនាំពីការធ្វើដំណើរកម្រិត៤នេះ គឺខ្ពស់បំផុតរបស់ក្រសួងការបរទេស ហើយត្រូវចេញផ្សាយ "ដោយសារតែហានិភ័យដែលអាចគំរាមកំហែងដល់អាយុជីវិត" ប៉ុណ្ណោះ។ គិតត្រឹមថ្ងៃពុធ (២៥ មិថុនា) ការព្រមានទាំងនេះធ្វើឡើងសម្រាប់ប្រទេសចំនួន២១ រួមទាំងអាហ្វហ្គានីស្ថាន បេឡារុស និងរុស្ស៊ី។
ការព្រមានកុំឱ្យធ្វើដំណើរទៅលីបង់នេះគឺសំដៅលើការបាញ់តបតគ្នាឆ្លងព្រំដែន ដែលកើតឡើងរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស លើអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣មក។ ប៉ុន្តែភាពតានតឹងកើនឡើងកាន់តែខ្លាំងក្នុងតំបន់ បន្ទាប់ពីការវាយប្រហាររបស់អាមេរិក លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីចុងសប្តាហ៍មុន។
ទោះបីជាកិច្ចព្រមព្រៀងសន្តិភាពមួយ គឺបទឈប់បាញ់រវាងគូជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ ហាក់ដូចជាកំពុងដំណើរការក៏ដោយ ក៏សេចក្ដីណែនាំអំពីការធ្វើដំណើរចុងក្រោយនេះ បានបន្ថែមទៅលើបរិយាកាសនៃក្តីបារម្ភកាន់តែអាក្រក់ពីការសងសឹកដែលអាចកើតមានចំពោះពលរដ្ឋអាមេរិក នៅក្នុងតំបន់៕


