កាសែត New York Times រាយការណ៍ថា មានការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមប្រជាជននៅអ៊ីរ៉ង់ ជុំវិញការបន្តអវត្តមានរបស់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei ដែលមិនត្រូវបានគេឃើញមុខជាសាធារណៈ ឬឮពីដំណឹងរបស់លោកជិតមួយសប្តាហ៍មកហើយ ហើយលោកក៏មិនទាន់និយាយអ្វីដែរ បើទោះបីជាមានបទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលក៏ដោយ។

លោក Khamenei ត្រូវគេជឿថាកំពុងសម្ងំលាក់ខ្លួន នៅពេលជម្លោះបើកចំហបានផ្ទុះឡើងនៅថ្ងៃទី១៣ ខែមិថុនា ជាមួយអ៊ីស្រាអែល។ សារព័ត៌មាន New York Times និយាយថា លោកទំនងជានៅតែបន្តលាក់ខ្លួន ដោយសារភ័យខ្លាចថា អ៊ីស្រាអែលអាចព្យាយាមធ្វើឈាតលោកទោះជាអំឡុងពេលបទឈប់បាញ់ក្ដី ប៉ុន្តែពុំមានព័ត៌មានថ្មីៗណាមួយត្រូវបានផ្តល់ឱ្យពីស្ថានភាពរបស់មេដឹកនាំកំពូលរូបនេះឡើយ ហើយគេក៏មិនច្បាស់ដែរថា តើលោកនៅតែបន្តធ្វើជាអ្នកសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ឬទេ។
New York Times បន្តថា នៅពេលត្រូវសាកសួរពីបញ្ហានេះអំឡុងពេលសម្ភាសន៍ លោក Mehdi Fazaeli មន្រ្តីជំនិតម្នាក់របស់លោក Khamenei បានឆ្លើយតបបែបមិនច្បាស់លាស់ថា៖ "អ្នកគ្រប់គ្នាគួរតែអធិស្ឋានបន់ស្រន់លើរឿងនេះ។ មនុស្សដែលមានភារកិច្ចការពារមេដឹកនាំកំពូលកំពុងបំពេញការងាររបស់ពួកគេបានល្អណាស់"។
របាយការណ៍បន្ថែមថា ដោយអវត្តមាន និងភាពស្ងៀមស្ងាត់របស់លោក Khamenei នៅតែបន្ត ការតស៊ូអំណាចកំពុងកើតឡើងរវាងកងកម្លាំងអភិរក្សនិយម និងប្រកាន់ជំហរកណ្ដាលរបស់អ៊ីរ៉ង់ លើគោលនយោបាយនានាដែលទីក្រុងតេអេរ៉ង់ គួរអនុម័តនៅពេលខាងមុខ៕

