បណ្ដាមេដឹកនាំសហភាពអឺរ៉ុប នឹងប្រាប់គណៈកម្មការអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ (២៦ មិថុនា) ណេះ អំពីចម្លើយរបស់ពួកគេ ថាតើអឺរ៉ុបចង់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មរហ័សជាមួយសហរដ្ឋអាមេរិក ក្នុងតម្លៃតបស្នងដែលទីក្រុងវ៉ាស៊ីនតោនទទួលបានលក្ខខណ្ឌល្អប្រសើរ ឬក៏បង្កើនការប្រយុទ្ធតតាំងរបស់ខ្លួនដោយសង្ឃឹមថានឹងមានអ្វីប្រសើរជាងនេះ។

ក្រុមមន្ត្រី និងអ្នកការទូតបាននិយាយថា កិច្ចព្រមព្រៀងរហ័សមួយហាក់ដូចជាជម្រើសដែលមេដឹកនាំភាគច្រើនពេញចិត្ត ខណៈសហភាពអឺរ៉ុប អាចស្វះស្វែងរកការដោះស្រាយភាពលម្អៀងដែលមិនអំណោយផលជាមួយនឹងវិធានការធ្វើឱ្យមានតុល្យភាពឡើងវិញ។
គណៈកម្មការ ដែលចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនួសនាមឱ្យប្លុកអឺរ៉ុប នឹងសាកសួរមេដឹកនាំនៃប្លុកសមាជិក២៧នេះដែលជួបប្រជុំគ្នានៅទីក្រុងប្រ៊ុចសែលថា តើពួកគេចង់ឆ្លើយតបយ៉ាងណាចំពោះកាលបរិច្ឆេទផុតកំណត់ថ្ងៃទី០៩ ខែកក្កដា របស់លោកប្រធានាធិបតី Donald Trump សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលឥឡូវនេះនៅសល់តិចជាងពីរសប្តាហ៍ទៀតប៉ុណ្ណោះ។
ប្លុកនេះនិយាយថា ខ្លួនកំពុងព្យាយាមធ្វើកិច្ចព្រមព្រៀងមួយដែលមានអត្ថប្រយោជន៍ទៅមក ប៉ុន្តែខណៈដែលទីក្រុងវ៉ាស៊ីនតោន មើលទៅហាក់ប្រកាន់ខ្ជាប់នូវពន្ធមូលដ្ឋាន ១០% របស់ខ្លួនលើទំនិញភាគច្រើនរបស់សហភាពអឺរ៉ុប និងគំរាមដំឡើងអត្រាកាន់តែខ្ពស់ថែមទៀតជាមួយនឹងការពិភាក្សាដ៏យូរជាងនេះ ក្រុមអ្នកការទូតសហភាពអឺរ៉ុបនិយាយថា ឥឡូវនេះ ប្រទេសសហភាពអឺរ៉ុបកាន់តែច្រើនកំពុងពេញចិត្តនឹងដំណោះស្រាយដ៏ឆាប់រហ័សមួយ៕

