បាល់ទាត់៖ ខ្សែប្រយុទ្ធបារាំង Anthony Martial ដែលទើបប្រាប់អ្នកចាត់ការ Manchester United លោក Ralf Rangnick ថាចង់ចាកចេញនោះ នៅពេលនេះក្លិបអេស្ប៉ាញ Sevilla ជាក្លិបមុនគេដែលដាក់សំណើខ្ចី។ បើតាមសារព័ត៌មាន SkySports ឱ្យដឹងថា Sevilla បានដាក់សំណើខ្ចីកីឡាករវ័យ ២៦ឆ្នាំរូបនេះរហូតដល់ចប់រដូវកាល និងមិនទិញផ្តាច់ទេ តែក៏មិនទាន់មានការឆ្លើយតបពី Manchester United នៅឡើយ។
កីឡាករវ័យ ២៦ឆ្នាំរូបនេះចាប់ផ្តើម ១១នាក់ដំបូងតែ ២ប្រកួតប៉ុណ្ណោះរដូវកាលនេះរកបានមួយគ្រាប់។ រំលឹកថា Anthony Martial បានមកកាន់ Manchester United កាលពីឆ្នាំ២០១៥ ពីក្លិបបារាំង AS Monaco ក្នុងតម្លៃ ៣៦លានផោនដែលនៅពេលនោះគេគឺកីឡាករវ័យក្មេងដែលមានតម្លៃផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ។ Martial បានស៊ុតបញ្ចូលទីសរុប ៧៩គ្រាប់ក្នុងការបង្ហាញខ្លួន ២៦៨ប្រកួតឱ្យ Manchester United ក្នុងរយៈពេល ៦ឆ្នាំកន្លងមកនេះ មុនពេលដែលកៅអី ១១នាក់ដំបូងបាត់បង់នៅពេលការមកដល់របស់ Cristiano Ronaldo, Edinson Cavani និង Jadon Sancho៕
អត្ថបទ៖នាង សុភាវុធ