ប្រភពសន្តិសុខ និងមន្ត្រីក្នុងតំបន់ បាននិយាយកាលពីថ្ងៃពុធថា យ៉ាងហោចណាស់ទាហាន ១៧នាក់ ត្រូវបានសម្លាប់ នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា នៅពេលដែលខ្មាន់កាំភ្លើង បានបើកការវាយលុកទៅលើមូលដ្ឋានទ័ពចំនួនបី ដែលជាការវាយប្រហារចុងក្រោយបំផុត នៅក្នុងតំបន់ដែលញាំញីដោយអំពើហិង្សា។
ក្រុមជនអន្ធពាលប្រដាប់អាវុធដែលកំពុងប្រតិបត្តិការនៅភាគពាយ័ព្យ ដែលគេស្គាល់ក្នុងស្រុកថា ជាក្រុមចោរព្រៃ ជាធម្មតាចូលរួមនៅក្នុងការចាប់ជំរិត ដើម្បីទារប្រាក់លោះ និងកំណត់គោលដៅលើកងកម្លាំង សន្តិសុខ។
កងទ័ពនីហ្សេរីយ៉ា បានបញ្ជាក់ពីការវាយប្រហារកាលពីថ្ងៃអង្គារ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។

កងទ័ពបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«គួរឲ្យសោកស្ដាយ អ្នកចម្បាំងដ៏អង់អាចក្លាហានមួយចំនួន បានពលីជីវិត នៅក្នុងការប្រយុទ្ធគ្នាពេញមួយថ្ងៃ ខណៈដែលទាហានចំនួន ៤នាក់ ដែលបានរងរបួស ក្នុងកិច្ចប្រតិបត្តិការ កំពុងទទួលការព្យាបាលរបួសដោយគ្រាប់កាំភ្លើងរបស់ពួកគេ។
ប្រភពសន្តិសុខពីរ បាននិយាយថា ក្រុមខ្មាន់កាំភ្លើង បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលទៅលើមូលដ្ឋានប្រតិបត្តិការឆ្ពោះទៅមុខរបស់កងទ័ព នៅក្នុងតំបន់ Kwanar Dutse Mariga និង Boka ក្នុងរដ្ឋ នីហ្សេ និងមូលដ្ឋានមួយផ្សេងទៀត នៅក្នុងរដ្ឋ Kaduna ដែលនៅជិតខាង ដោយប្រយុទ្ធជាមួយកងទ័ពអស់រយៈពេលជាច្រើនម៉ោង។
