អាមេរិក៖ ទីតាំងធ្វើតេស្តរកវីរុស COVID-19 នៅទូទាំងសហរដ្ឋអាមេរិកត្រូវបានគ្របដណ្ដប់ ក្នុងពេលមានការកើនឡើងថ្មីៗករណីឆ្លងដែលជំរុញដោយវីរុសបម្លែងខ្លួនថ្មី Omicron។ ការតម្រង់ជួរដ៏វែង ខណៈដែលប្រជាជនមានការប្រុងប្រយ័ត្នជាមុន នៅមុនថ្ងៃឈប់សម្រាកវិស្សមកាលដែលបានចាប់ផ្ដើមតាំងពីមុនបុណ្យណូអែល ហើយបានអូសបន្លាយពេលយូរជាមួយនឹងការប្រារព្ធពិធីចូលឆ្នាំថ្មី ដែលនឹងមកដល់នៅថ្ងៃសុក្រខាងមុខ។

ការស្រាវជ្រាវដំបូងបានបង្ហាញថា វីរុសបម្លែងខ្លួនថ្មី Omicron អាចបណ្ដាលឱ្យមានជំងឺស្រាលជាងវីរុសបម្លែងខ្លួនមុនៗនៃវីរុសឆ្លងកូរ៉ូណា។ យោងតាមអ្នកជំនាញបាននិយាយថា ប៉ុន្តែចំនួនអ្នកដែលបានឆ្លងវីរុសដ៏ច្រើនត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក ឬដាក់ឱ្យនៅដោយឡែក បានគំរាមដល់សមត្ថភាពមន្ទីរពេទ្យ ក្រុមហ៊ុនអាកាសចរណ៍ និងអាជីវកម្មផ្សេងទៀតក្នុងការបើកដំណើរការ។ ប្រជាជនអាមេរិកលោក Ellis Sek និយាយថា លោកមានរោគសញ្ញា ប៉ុន្តែមិនអាចធ្វើតេស្តបាន ខណៈត្រូវរងចាំយូរ។ លោកនិយាយថា វាសំខាន់សម្រាប់លោកក្នុងការធ្វើតេស្តរកវីរុសឆ្លងមុនពេលត្រឡប់ទៅធ្វើការវិញ ហើយលោកបានស្វែងរកការធ្វើតេស្តប្រហែល ១សប្ដាហ៍មកហើយ៕
អត្ថបទ៖ ប៊ុនថន