ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោកស្រី Claudia Sheinbaum កាលពីថ្ងៃពុធបានថ្កោលទោសនូវអ្វីដែលលោកស្រីបានចាត់ទុកថាជាចំណាត់ការ «អយុត្តិធម៌» លើជនអន្តោប្រវេសន៍គ្មានឯកសារនៅក្នុងសហរដ្ឋអាមេរិក ដោយនិយាយថា វាបង្ហាញពីការធ្វើបាបជនអន្តោប្រវេសន៍ដែលបានចូលរួមចំណែកក្នុងសង្គមសហរដ្ឋអាមេរិកជាយូរមកហើយ។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោកស្រី Sheinbaum បានរិះគន់ការចាប់ខ្លួនដោយហិង្សាលើ អ្នកថែសួនជនជាតិម៉ិកស៊ិកម្នាក់ ជាអ្នកដែលបានរស់នៅក្នុងសហរដ្ឋអាមេរិករយៈពេលជាង៣០ឆ្នាំមកហើយ ហើយកូនរបស់លោកបម្រើការនៅក្នុងកងម៉ារីនអាមេរិក។

វីដេអូដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយបង្ហាញលោក Barranco អ្នកថែសួន ត្រូវបានវាយដំដោយភ្នាក់ងារអន្តោប្រវេសន៍មានពាក់ម៉ាស់។
លោកស្រី Sheinbaum បាននិយាយថា «អ្នកទាំងនេះ គឺជាពលរដ្ឋដែលចាកចេញពីប្រទេសម៉ិកស៊ិកដោយសារភាពចាំបាច់ ហើយបានកសាងជីវិតរបស់ពួកគេនៅក្នុងសហរដ្ឋអាមេរិក ពួកគេជាជនជាតិម៉ិកស៊ិកនិងអាមេរិក ទោះបីជាពួកគេពុំមានសញ្ជាតិស្របច្បាប់ក៏ដោយ។
ក្នុងការឆ្លើយតប ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (DHS) បាននិយាយថា អ្នកថែសួនរូបនេះ បានផ្តើមគំនិតប្រឈមមុខដាក់គ្នាវាយប្រហារលើភ្នាក់ងារ ដោយប្រើប្រាស់ឧបករណ៍កាត់ស្មៅ។
លោកស្រីប្រធានាធិបតី បានរិះគន់បន្ថែមទៀតទៅលើការឆ្មក់បង្ក្រាបរបស់រដ្ឋបាលសហរដ្ឋអាមេរិកនៅក្នុងទីក្រុងដូចជា Los Angeles ដែលបានបង្កឱ្យមានការតវ៉ា និងការប៉ះទង្គិចគ្នា។

