កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃពុធ បានអះអាងថា ជនជាតិលីបង់ឈ្មោះ Haytham Abdullah Bakri ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃអង្គារ នៅក្នុងទីក្រុង Kfar Dajjal ក្នុងខេត្ត Nabatiyeh ភាគខាងត្បូងប្រទេសលីបង់ គឺជា «ប្រធានក្រុមហ៊ុនប្តូរប្រាក់ ដែលប្រតិបត្តិការ ជាមួយហេសបូឡា ដើម្បីផ្ទេរមូលនិធិសម្រាប់សកម្មភាពរបស់ក្រុមភេរវករហេសបូឡា»។
នៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បាននិយាយថា៖«ក្រុមហ៊ុនប្តូរប្រាក់ Al-Sadiq ដែលគ្រប់គ្រងដោយលោក Bakri បម្រើជាយន្តការរក្សាទុក និងផ្ទេរមូលនិធិសម្រាប់ក្រុមហេសបូឡា ដោយមូលនិធិទាំងនោះ មានប្រភពមកពីកងកម្លាំង Quds របស់អ៊ីរ៉ង់។

លោក Adraee ក៏បានបង្ហោះរូបថតនៃមជ្ឈមណ្ឌលប្តូរប្រាក់ចំនួន ៥ផ្សេងទៀត នៅក្នុងប្រទេសលីបង់ ដែលលោកបានសង្ស័យថា ជាក្រុមហ៊ុនដែលផ្តល់ហិរញ្ញប្បទានដល់ក្រុមហេសបូឡាផងដែរ ជាអ្វីដែលហាក់ដូចជាការគំរាមកំហែង ដែលពួកគេអាចត្រូវបានគេកំណត់គោលដៅស្រដៀងទៅនឹងលោក Bakri ។
គ្រឹះស្ថានដែលបានចងក្រងជាឯកសាររួមមាន Al-Insaf Exchange ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Ali Hassan Shamas និងកន្លែងប្តូរប្រាក់មួយទៀត ដែលធ្វើប្រតិបត្តិការដោយលោក Hassan Mohammed Hussein Ayyash។
