ការិយាល័យប្រធានាធិបតីអេហ្ស៊ីប បាននិយាយថា ប្រធានាធិបតីអេហ្ស៊ីបលោក អាប់ដែល ហ្វាតា អាល់ស៊ីស៊ី ( Abdel-Fattah al-Sisi) និងសមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃពុធ បានព្រមព្រៀងគ្នា ក្នុងការសន្ទនាតាមទូរស័ព្ទថា ស្ថានភាពដ៏ស្មុកស្មាញនាពេលបច្ចុប្បន្ននេះ ត្រូវការការពន្លឿនដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់សន្តិសុខក្នុងតំបន់។
មេដឹកនាំទាំងពីរ បានបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការបន្តការចរចាលើកម្មវិធីនុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ហើយបានសង្កត់ធ្ងន់លើតម្រូវការក្នុងការលើកកម្ពស់ការបង្កើតតំបន់គ្មានអាវុធប្រល័យលោក នៅមជ្ឈិមបូព៌ា។

លោក ស៊ីស៊ី បានបញ្ជាក់ជាថ្មីពីការបដិសេធរបស់ប្រទេសអេហ្ស៊ីប ចំពោះការវាយប្រហារដោយមីស៊ីល របស់អ៊ីរ៉ង់នាពេលថ្មីៗនេះ ដោយកំណត់គោលដៅទៅលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកាតា ដោយបន្ថែមថា លោកបានថ្កោលទោសរាល់សកម្មភាពដែលប៉ះពាល់ដល់អធិបតេយ្យភាពរបស់រដ្ឋ ជាពិសេសប្រទេសអារ៉ាប់ និងឥស្លាម។
លោកក៏បានសាទរចំពោះការប្រកាសកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដោយជំរុញឲ្យភាគីទាំងអស់ប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះ បន្ទាប់ពីការកើនឡើងភាពតានតឹងក្នុងតំបន់ ដែលស្ទើរតែធ្វើឲ្យតំបន់នេះធ្លាក់ចូលទៅក្នុងភាពវឹកវរ និងអំពើហិង្សារីករាលដាល។
មេដឹកនាំទាំងពីរ ក៏បានពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់អេហ្ស៊ីប ជាមួយភាគីពាក់ព័ន្ធនានា ជាពិសេសគឺសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹង និងស្តារភាពស្ងប់ស្ងាត់ និងស្ថិរភាពក្នុងតំបន់។
លោកប្រធានាធិបតីអ៊ីរ៉ង់ បានថ្លែងអំណរគុណដល់ប្រទេសអេហ្ស៊ីបសម្រាប់ជំហរគាំទ្ររបស់ខ្លួន ក្នុងការស្តារស្ថិរភាពក្នុងតំបន់ និងទប់ស្កាត់ការបង្ហូរឈាម ក្នុងចំណោមភាគីទាំងអស់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អេហ្ស៊ីប។
