ចិនបានធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការពារជាតិទៅពីប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី សម្រាប់កិច្ចប្រជុំ នៅទីក្រុង Qingdao ភាគខាងកើតប្រទេស នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមិថុនា) ដោយព្រឹត្តិការណ៍នេះកើតឡើងស្របពេលមានសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា និងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) នៅអឺរ៉ុប ជាកន្លែងដែលបណ្តាប្រទេសសមាជិកយល់ព្រមបង្កើនការចំណាយលើវិស័យយោធា។
ទីក្រុងប៉េកាំងបានប្រឹងប្រែងជាយូរមកហើយ ដើម្បីបង្ហាញថា អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលមានសមាជិកទាំង ១០ប្រទេស ជាកម្លាំងទប់ទល់នឹងប្លុកដ៏មានឥទ្ធិពលដឹកនាំដោយលោកខាងលិច ហើយបានជំរុញឲ្យពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសជាសមាជិក ក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ។

កិច្ចប្រជុំនៅទីក្រុង Qingdao នៃមន្ត្រីការពារជាតិជាន់ខ្ពស់របស់អង្គការនេះ ធ្វើឡើងនៅពេលដែលបទឈប់បាញ់ដ៏ផុយស្រួយ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ចូលជាធរមាន បន្ទាប់ពីមានការប្រយុទ្ធគ្នារយៈពេល ១២ ថ្ងៃ រវាងសត្រូវដ៏ស្រួចស្រាល់ទាំង២។ កិច្ចប្រជុំនេះក៏បានលេចឡើងផងដែរ មួយថ្ងៃក្រោយកិច្ចប្រជុំកំពូលរបស់មេដឹកនាំនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដែលនៅទីនោះសមាជិកជាច្រើនបានព្រមព្រៀងបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីបំពេញចិត្តលោកប្រធានាធិបតីអាមេរិក Donald Trump។
កិច្ចប្រជុំថ្នាក់ដឹកនាំយោធា នៅថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុង Qingdao ដែលជាមូលដ្ឋានទ័ពជើងទឹករបស់ចិន ត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Dong Jun ពណ៌នាថា ជាកម្លាំងទប់ទល់ទៅនឹងពិភពលោកដែលមាន «ភាពវឹកវរ និងអស្ថិរភាព»។ បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានឲ្យដឹងថា អំឡុងពេលស្វាគមន៍ប្រមុខការពារជាតិទៅពីរុស្ស៊ី អ៊ីរ៉ង់ ប៉ាគីស្ថាន បេឡារុស និងប្រទេសផ្សេងទៀត កាលពីថ្ងៃពុធ (ទី២៥ ខែមិថុនា) លោក Dong បាននិយាយថា៖ «នៅពេលដែលការផ្លាស់ប្ដូរយ៉ាងខ្លាំងកើនឡើងយ៉ាងរហ័ស លទ្ធិឯកតោភាគី និងនយោបាយគាំពារនិយម កំពុងកើនឡើងដែរ»។
លោកបានព្រមានថា៖ «ការព្យាយាមត្រួតត្រា ការគ្រប់គ្រង និងការសម្លុតកំហែង ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់អន្តរជាតិ»។ ហើយលោកបានជំរុញឲ្យសមភាគីរបស់លោក «ចាត់វិធានការឲ្យកាន់តែរឹងមាំ ដើម្បីរួមគ្នាការពារបរិស្ថាន ដើម្បីឲ្យមានការអភិវឌ្ឍប្រកបដោយសន្តិវិធី»៕
