បាល់ទាត់៖ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីកំពុងទន្ទឹងរង់ចាំបញ្ចប់ការរង់ចាំលើកពាន ២៥ឆ្នាំ ខណៈត្រៀមសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អាស៊ាន ២០២០ ជើងទី១ ជាមួយថៃយប់ថ្ងៃទី២៩ ខែធ្នូនេះ។ តាំងពីចាប់ផ្ដើមការប្រកួតបាល់ទាត់ពានរង្វាន់អាស៊ីអាគ្នេយ៍ឆ្នាំ១៩៩៦ ក្រុមឥណ្ឌូនេស៊ីឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ៥ដង ប៉ុន្តែមិនដែលឈ្នះពាន។

លោក Shin Tae-yong ដែលដឹកនាំក្រុមជម្រើសជាតិកូរ៉េខាងត្បូងប្រកួតបាល់ទាត់ពិភពលោក ២០១៨ នៅរុស្ស៊ី ជាគ្រូបង្វឹកចុងក្រោយគេដែលនឹងព្យាយាមដឹកនាំឥណ្ឌូនេស៊ីឈ្នះពាននេះជាលើកដំបូង។ មុនការប្រកួតមកដល់គ្រូបង្វឹករូបនេះលើកឡើងថា ជាការពិតណាស់លោកចង់ក្លាយជាជើងឯក ប៉ុន្តែការលើកពានមិនមែនគ្រាន់តែចង់ទេ ត្រូវតែព្យាយាមឱ្យអស់ពីសមត្ថភាព។ ក្នុងនាមជាគ្រូបង្វឹក លោកឈ្នះជើងឯក និងពាន ២០ដង។ តាមរយៈបទពិសោធន៍ជោគជ័យនេះលោកនឹងប្រើយុទ្ធសាស្ត្រ និងវិធីដែលមានដើម្បីឈ្នះ។ ចំនែកកីឡាករខ្សែបម្រើឥណ្ឌូនេស៊ី Maulana Vikri បញ្ជាក់ថា ចំពោះកីឡាករទាំងអស់មានកម្លាំងចិត្តខ្លាំងណាស់ ក្រោយបរាជ័យ ៥លើកពីមុន ប៉ុន្តែឥឡូវយើងមានឱកាសធំណាស់ ដូច្នោះយើងត្រូវតែប្រឹងប្រែងឱ្យខ្លាំងក្លាដើម្បីក្លាយជាជើងឯក។ ក្នុងពូល B ជម្រើសជាតិឥណ្ឌូនេស៊ីឈ្នះ ៣ប្រកួត និងស្មើ ១ប្រកួត ហើយឡើងដល់វគ្គនេះក្រោយឈ្នះម្ចាស់ផ្ទះសិង្ហបុរី ៥ទល់នឹង៣ ទាំង ២ជើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ចំនែកដំរីថៃជើងឯក ៥ដងពានតំបន់នេះក៏បានត្រៀមលក្ខណៈយ៉ាងខ្លាំងក្លាដែរ សម្រាប់តតាំងជាមួយនឹងឥណ្ឌូនេស៊ី ខណៈគ្រូបង្វឹកសញ្ជាតិប្រេស៊ីល Mano Polking នឹងពឹងទៅលើកីឡាករដែលមានបទពិសោធន៍ដូចជា Teerasil Dangda និងខ្សែបម្រើ Chanathip Songkrasin។ មុនការប្រកួតមកដល់គ្រូបង្វឹករូបនេះមានប្រសាសន៍ថា លោកមិនជឿលើការគ្រប់គ្រងបាល់នោះទេ សំខាន់ថាតើការប្រកួតនឹងមានគ្រាប់បាល់រឺអត់។ មកដល់ពេលនេះលោកមិនទាន់សម្រេចថា កីឡាករណាខ្លះលេងនោះទេ។ ចំនែកកីឡាករខ្សែបម្រើ Sarach Yooyen បានប្រាប់អ្នកសារព័ត៌មានដែរថា តាមពិតទៅយើងមានបទពិសោធន៍ច្រើន សម្រាប់ការប្រកួតបាល់ទាត់ក្នុងតំបន់នេះ ប៉ុន្តែឥណ្ឌូនេស៊ីជាក្រុមក្មេងៗ និងលេងបានល្អ ដូច្នោះការប្រកួតនឹងលំបាក នឹងតានតឹង យ៉ាងណាក៏ដោយក្រុមណាធ្វើបានល្អជាងនឹងឈ្នះ។ ថៃឡើងដល់វគ្គនេះ ក្រោយឈ្នះអ្នកការពារតំណែងជើងឯកវៀតណាម ២-០ ទាំង ២ជើង។ នេះជាលើកទី៤ ដែលក្រុមទាំង ២ ជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ខណៈ ៣លើកឆ្នាំ២០០០ ថៃឈ្នះឥណ្ឌូនេស៊ី ៤-១, ឆ្នាំ២០០២ ថៃឈ្នះ ៤-២ ដោយបាល់កាត់សេចក្ដី ១១ម៉ែត្របន្ទាប់ពីស្មើគ្នា ២-២ និងឆ្នាំ២០១៦ ថៃឈ្នះ ៣-២ ទាំង ២ជើង៕
អត្ថបទ៖ គង់ ហួន