ប្រសិនបើមេដឹកនាំរបស់ទីក្រុងតេអេរ៉ង់ សង្ឃឹមថា លោក Vladimir Putin ដែលត្រូវបានជឿថា ជាសម្ព័ន្ធមិត្តរបស់ខ្លួន នឹងមកជួយក្នុងពេលដែលពួកគេត្រូវការជំនួយនោះ ពួកគេកំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបង្ហាញខ្លួននៅទីក្រុងមូស្គូ ក្នុងសប្តាហ៍នេះ ដើម្បីកៀរគរការគាំទ្រពីវិមានក្រឹមឡាំង។ មែនហើយ មេដឹកនាំរុស្ស៊ីបានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ថា ជា «ការឈ្លានពានខុសច្បាប់ទាំងស្រុង» ពោលគឺគ្មានមូលដ្ឋាន និងគ្មានហេតុផលច្បាស់លាស់ តែលោកក៏មិនបានផ្ដល់សន្យាជាក់លាក់ថា នឹង «ជួយប្រជាជនអ៊ីរ៉ង់» នោះដែរ។

ប៉ុន្តែប្រជាជនអ៊ីរ៉ង់ទំនងជានឹងទទួលបានតែពាក្យសម្ដីប៉ុណ្ណោះពីទីក្រុងមូស្គូ មិនមែនវិធានការជាក់ស្ដែងនោះឡើយ។ ដូច្នេះ អ៊ីរ៉ង់កំពុងរៀនសូត្រពីបទពិសោធន៍ដ៏លំបាកមួយ ដែលនោះគឺថា លោក Putin អាចមិនមែនជាសម្ព័ន្ធមិត្តដែលគួរឲ្យទុកចិត្តបានឡើយ។ កាលពីខែមករា លោក Putin បានចុះហត្ថលេខាលើសន្ធិសញ្ញា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយប្រធានាធិបតីអ៊ីរ៉ង់។ ប៉ុន្តែ អ្វីដែលសំខាន់ សន្ធិសញ្ញានោះមិនមានលក្ខខន្តិកការពារគ្នាទៅវិញទៅមកនោះឡើយ។ ក្រៅពីសេចក្តីថ្លែងការណ៍គាំទ្ររបបអ៊ីរ៉ង់ដែលកំពុងជួបការលំបាកនោះ វាមិនមានសញ្ញាណាមួយ ដែលបង្ហាញថា រុស្ស៊ីមានបំណងចាត់វិធានការជាក់ស្តែងណាមួយ ដើម្បីជួយសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ លើកលែងតែប្រហែលជាបញ្ជូនយានដ្រូន Shaheed ផលិតដោយរុស្ស៊ី ដើម្បីបំពេញឃ្លាំងស្តុករបស់ទីក្រុងតេអេរ៉ង់។
លោក Putin បានធ្វើដូចគ្នា ចំពោះអតីតសម្ព័ន្ធមិត្ត គឺប្រធានាធិបតីស៊ីរី លោក Bashar al-Assad។ នៅពេលដែលកងទ័ពឧទ្ទាម បានទៅកាន់តែកៀកនឹងទីក្រុងដាម៉ាស កាលពីចុងឆ្នាំមុន ទីក្រុងមូស្គូបានបដិសេធមិនបញ្ជូនកងទ័ព ឬកម្លាំងអាកាសបន្ថែម ដើម្បីជួយគាំទ្ររបបដែលកំពុងដួលរលំនោះទេ ទោះបីជាខ្លួនបានបញ្ជូនយន្តហោះមួយគ្រឿង ដើម្បីជម្លៀសលោក Assad និងក្រុមគ្រួសាររបស់លោកឲ្យនិរទេសខ្លួនទៅរស់នៅទីក្រុងមូស្គូក៏ដោយ។
ផ្ទុយទៅវិញ លោក Putin សម្លឹងទៅគោលដៅធំជាងនេះ ពោលគឺប្រើប្រាស់ជម្លោះអ៊ីរ៉ង់ ដើម្បីពង្រឹងជំហររបស់ខ្លួន នៅក្នុងពិភពលោក។ ភ្លាមៗបន្ទាប់ពីការទម្លាក់គ្រាប់បែកដំបូងរបស់អ៊ីស្រាអែល លោក Putin បាននិយាយទៅកាន់ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងប្រធានាធិបតីអាមេរិក លោក Donald Trump ដោយស្នើធ្វើជាអ្នកសម្របសម្រួលជម្លោះនេះ។ គោលដៅយុទ្ធសាស្ត្រចម្បងរបស់លោក Putin គឺការធ្វើឲ្យរុស្ស៊ីមានឡើងវិញនូវតួនាទីជាប្រវត្តិសាស្ត្រ ក្នុងនាមជាមហាអំណាចសកលមួយ ដែលអាចឈរជាមួយចិន និងសហរដ្ឋអាមេរិក៕
