បើយោងតាមប្រមុខសេដ្ឋវិទូរបស់សេតវិមាន បានឲ្យដឹងថា គោលនយោបាយរបស់ប្រធានាធិបតី Donald Trump នឹងកាត់បន្ថយឱនភាពសារពើពន្ធរបស់សហរដ្ឋអាមេរិករហូតដល់ ១១សែនកោដិលានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ ដោយនេះជាការព្យាករផ្ទុយទៅនឹងអ្នកវិភាគដែលលើកឡើងថា បំណុលរបស់រដ្ឋាភិបាលនឹងកើនឡើងដល់កម្រិតខ្ពស់បំផុត នៅក្នុងប៉ុន្មានឆ្នាំខាងមុខ។
កាលពីថ្ងៃពុធ (ទី២៥ ខែមិថុនា) លោក Stephen Miran ប្រមុខក្រុមប្រឹក្សាទីប្រឹក្សាសេដ្ឋកិច្ច បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងគណនាថា ជារួម ការកាត់បន្ថយឱនភាពជាលទ្ធផលដោយសារគោលនយោបាយរបស់លោកប្រធានាធិបតី នឹងមានចំនួនប្រហែល ៨,៥ ទៅ ១១សែនកោដិដុល្លារ ក្នុងរយៈពេល ១០ឆ្នាំ។ ទាំងនេះ គឺជាតួលេខធំណាស់»។

លោក Miran បានផ្ដល់ហេតុផលថា ប្រាក់សន្សំប្រហែលពាក់កណ្តាល ឬពី ៣សែនកោដិ ទៅ ៥សែនកោដិដុល្លារ នឹងបានពីកំណើនសេដ្ឋកិច្ចដ៏លឿន ដោយសារតែសេចក្ដីស្នើច្បាប់កាត់បន្ថយពន្ធដែលរង់ចាំការអនុម័តរបស់គណបក្សសាធារណរដ្ឋ រួមជាមួយនឹងកិច្ចប្រឹងប្រែងកាត់បន្ថយបទប្បញ្ញត្តិផ្សេងៗ។
ជាមួយគ្នានេះ លោកក៏បានលើកឡើងពីប្រាក់ចំណូលចំនួន ៣សែនកោដិដុល្លារ ដែលបានពីការដំឡើងពន្ធរបស់លោក Trump ដោយនិយាយសំដៅទៅការព្យាករនាពេលថ្មីៗនេះរបស់ការិយាល័យថវិកាសភា ដែលបានប៉ាន់ស្មានចំនួន ២,៨សែនកោដិដុល្លារ។ លោក Miran បានបន្ថែមថា ការកាត់បន្ថយបន្ទុកបំណុល នឹងជួយកាត់បន្ថយការចំណាយលើការប្រាក់របស់រតនាគារសហរដ្ឋអាមេរិកប្រមាណពី ១សែនកោដិដុល្លារ ទៅ ១,៥សែនកោដិដុល្លារ៕

