លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារនេះ បាននិយាយថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) មិនអាចតាមដានអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់របស់អ៊ីរ៉ង់បានទេ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ France 2 ថា៖«៤០០ គីឡូក្រាមនៃសារធាតុអ៊ុយនីរ៉ាញ៉ូមចម្រាញ់រួច ៦០% គឺជាបញ្ហាធ្ងន់ធ្ងរ។ សារធាតុនេះ ត្រូវបានរក្សាទុកនៅកន្លែងណាមួយ ប៉ុន្តែទីភ្នាក់ងារនេះ មិនបានឃើញវាទៀតទេ បន្ទាប់ពីអរិភាព បានកើតឡើង។

លោកបានសង្កត់ធ្ងន់ថា៖«ទោះបីជាមានអរិភាពក៏ដោយ អ៊ីរ៉ង់ត្រូវតែបង្ហាញអ្នកត្រួតពិនិត្យរបស់ទីភ្នាក់ងារថាតើសារធាតុនេះ ត្រូវបានគេរក្សាទុកបែបណានោះ»។
ដោយអត្ថាធិប្បាយអំពីការសម្រេចចិត្តរបស់សភាអ៊ីរ៉ង់ ក្នុងការផ្អាកកិច្ចសហប្រតិបត្តិការជាមួយ IAEA លោក Grossi បានបញ្ជាក់ថា៖«នេះ មិនមែនជាការគាំទ្រដល់ទីភ្នាក់ងារនេះពីអ៊ីរ៉ង់ទេ» ។ លោកបាននិយាយថា៖«នេះគឺជាការប្តេជ្ញាចិត្តតាមផ្លូវច្បាប់។ ដរាបណាអ៊ីរ៉ង់ជាភាគីនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ការប្តេជ្ញាចិត្តនេះ នៅតែជាធរមាន» ដោយបានបន្ថែមថា សកម្មភាពរបស់ទីភ្នាក់ងារ នៅក្នុងប្រទេសអ៊ីរ៉ង់ គួរតែត្រូវបានចាប់ផ្តើមឡើងវិញឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
