កងទ័ពលីបង់ បានចាប់ខ្លួនឥស្សរជនជាន់ខ្ពស់រដ្ឋឥស្លាម (IS) ដែលគេជឿថា ជាមេដឹកនាំក្រុមបច្ចុប្បន្ននៅក្នុងប្រទេសលីបង់ ដែលជាការរីកចម្រើនដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មរបស់ប្រទេសនេះ។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញកាលពីថ្ងៃអង្គារ កងទ័ពបាននិយាយថា បុរសនោះ ត្រូវបានគេកំណត់អត្តសញ្ញាណដោយអក្សរកាត់ «R.F» ហើយត្រូវបានគេស្គាល់ដោយឈ្មោះហៅក្រៅថា «Qassoura» ត្រូវបានចាប់ខ្លួន បន្ទាប់ពីប្រតិបត្តិការស៊ើបការណ៍សម្ងាត់ជាបន្តបន្ទាប់។ លោក Qassoura ត្រូវបានគេពណ៌នាថា ជាឥស្សរជនលេចធ្លោម្នាក់ ក្នុងបណ្តាញ IS ដែលប្រតិបត្តិការនៅលីបង់។

កងទ័ពបានអះអាងថា ឃ្លាំងអាវុធ និងគ្រាប់រំសេវ ត្រូវបានគេរាយការណ៍ថា បានរកឃើញថា ជារបស់លោក Qassoura រួមជាមួយនឹងឧបករណ៍អេឡិចត្រូនិច និងសម្ភារៈដែលគេសង្ស័យថា ត្រូវបានប្រើប្រាស់ក្នុងការផលិតយានដ្រូន។
យោងតាមសេចក្តីថ្លែងការណ៍នោះ លោក Qassoura បានចូលកាន់តំណែងជាអ្នកដឹកនាំក្រុម IS នៅក្នុងប្រទេសលីបង់ បន្ទាប់ពីការចាប់ខ្លួនអ្នកស្នងតំណែងមុនរបស់ខ្លួនគឺ Abu Said al-Shami និងប្រតិបត្តិករជាន់ខ្ពស់មួយចំនួនទៀត កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤។
ការចាប់ខ្លួននេះ បានកើតឡើង តែប៉ុន្មានថ្ងៃបន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាត នៅព្រះវិហារមួយ ក្នុងប្រទេសស៊ីរីជិតខាង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥នាក់ ជាការវាយប្រហារដែលអាជ្ញាធរស៊ីរីបានស្តីបន្ទោសទៅលើក្រុមIS។
