លោកឧត្តមសេនីយ៍ Christopher Donahue មេបញ្ជាការកងទ័ពអាមេរិកប្រចាំអឺរ៉ុប និងអាហ្រ្វិក រំពឹងថា ទំហំយោធាអាមេរិកនៅអឺរ៉ុប នឹងមិនប្រែប្រួលទេ។
សារព័ត៌មាន Stars and Stripes របស់មន្ទីរបញ្ចកោណ បានដកស្រង់សម្តីមន្ត្រីការពារជាតិ ដែលនិយាយថា៖«ខ្ញុំមិនគិតថា ឥរិយាបថកម្លាំងរបស់យើង នឹងផ្លាស់ប្តូរទាល់តែសោះ»។ យោងតាមលោក Donahue បានឲ្យដឹងថា លោកបានជួបជាមួយ «មេដឹកនាំជាន់ខ្ពស់ទាំងអស់» ហើយ «គ្មាននរណាម្នាក់ បាននិយាយអ្វីទេ»មកកាន់លោកអំពីការកាត់បន្ថយកងទ័ព។ លោកមេបញ្ជាការ បាននិយាយអំពីចំនួនកងទ័ពដោយបន្ថែមថា៖«ខ្ញុំគ្រាន់តែគិតថា នឹងមិនមានការផ្លាស់ប្តូរទេ» ដោយបន្ថែមថា ដើម្បីដោះស្រាយបញ្ហានៃការការពារនៅអឺរ៉ុប» អ្នកគ្រប់គ្នា ត្រូវតែបង្កើន និងធ្វើតាមផ្នែករៀងៗខ្លួន» ។

នាពេលមុននេះ តំណាងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំអង្គការណាតូ លោក Matthew Whitaker បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន គួរតែបញ្ចប់ការពិនិត្យឡើងវិញនូវការដាក់ពង្រាយកងកម្លាំងរបស់ខ្លួននៅជុំវិញពិភពលោក នៅចុងរដូវក្តៅ ឬដើមរដូវស្លឹកឈើជ្រុះ។
នៅចុងខែឧសភា កាសែតអាល្លឺម៉ង់ Handelsblatt បានរាយការណ៍ថា អ្នកការទូតអឺរ៉ុបរំពឹងថា សហរដ្ឋអាមេរិក នឹងប្រកាសពីការកាត់បន្ថយវត្តមានយោធារបស់ខ្លួន នៅទ្វីបអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ កាលពីខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រាប់ពីការកាត់បន្ថយបែបនេះ។ បន្ទាប់មករដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បានបំភ្លឺថា សហរដ្ឋអាមេរិក មិនទាន់បានធ្វើការសម្រេចចិត្តទាក់ទងនឹងកម្រិតនៃវត្តមានយោធានាពេលអនាគតរបស់ខ្លួន នៅក្នុងទ្វីបអឺរ៉ុប ហើយការសម្រេចចិត្តនេះ នឹងគិតគូរដល់លទ្ធផលនៃការចរចារវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន។ ឧត្តមសេនីយ៍ទោ Alexus Grynkewich ដែលក្រោយមកលោក ត្រាំ បានតែងតាំងជាមេបញ្ជាការសម្ព័ន្ធមិត្តកំពូលអឺរ៉ុប (SACEUR) បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិនិត្យមើលទំហំនៃកងកម្លាំងរបស់ខ្លួននៅអឺរ៉ុប ដើម្បីរៀបចំសម្រាប់ការកាត់បន្ថយជាសក្តានុពល។
