ធនាគារពិភពលោក (WB) និងស្ថាប័នឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមិថុនា) នេះ បានឈានដល់កិច្ចព្រមព្រៀងថ្មីមួយ ដើម្បីធ្វើសហប្រតិបត្តិការ លើការអភិវឌ្ឍប្រកបដោយសុវត្ថិភាព និងការផ្តល់ហិរញ្ញប្បទាន ចំពោះថាមពលនុយក្លេអ៊ែរ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះរួមទាំងការពន្យារអាយុកាលរបស់ម៉ាស៊ីនរ៉េអាក់ទ័រដែលមានស្រាប់ផងដែរ។
ប្រមុខធនាគារពិភពលោក លោក Ajay Banga និងអគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលជាផ្នែកមួយនៃការវិលត្រលប់មកមានតួនាទីវិញរបស់ធនាគារនេះ ក្នុងការផ្ដល់ហិរញ្ញប្បទានថាមពលនុយក្លេអ៊ែរ។

IAEA និងធនាគារពិភពលោក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ស្ថាប័នទាំង២ បានព្រមព្រៀងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ចំណេះដឹងក្នុងវិស័យនុយក្លេអ៊ែរ ក្នុងនោះរួមទាំងការពង្រីកការយល់ដឹងនៅក្នុងក្រុមរបស់ធនាគារពិភពលោកផងដែរ អំពីសុវត្ថិភាពនុយក្លេអ៊ែរ សន្តិសុខ ផែនការថាមពល និងការគ្រប់គ្រងកាកសំណល់។
ជាមួយគ្នានេះ ស្ថាប័នទាំង២ ក៏បានបញ្ជាក់ផងដែរថា នឹងធ្វើការរួមគ្នា ដើម្បីពន្យារអាយុកាលរបស់រោងចក្រថាមពលនុយក្លេអ៊ែរមានស្រាប់ ដែលជាប្រភពចំណាយដ៏មានប្រសិទ្ធភាពនៃថាមពលកាបូនទាប និងពន្លឿនការអភិវឌ្ឍម៉ាស៊ីនរ៉េអាក់ទ័រម៉ូឌុលតូចៗ ដោយបន្ថែមថា ម៉ាស៊ីនទាំងនោះមានសក្តានុពល សម្រាប់ការចាប់ផ្ដើមប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍៕
