នៅថ្ងៃទីព្រហស្បតិ៍ (ទី២៦ ខែមិថុនា) នេះ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានសាទរ ចំពោះ «ជ័យជម្នះ» របស់ប្រទេសលើអ៊ីស្រាអែល ដែលជាសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់លោក ចាប់តាំងពីមានបទឈប់បាញ់បញ្ចប់សង្គ្រាមរយៈពេល ១២ថ្ងៃ នៅដើមសប្តាហ៍នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA លោក Khamenei បានលើកឡើងថា៖ «ខ្ញុំចង់អបអរសាទរដល់ប្រទេសអ៊ីរ៉ង់ដ៏អស្ចារ្យ សម្រាប់ការទទួលបានជ័យជម្នះលើរបបគាំទ្រលទ្ធិហ្សាអឺន (អ៊ីស្រាអែល) ដ៏បរាជ័យ»។
លោកបានបន្តទៀតថា៖ «សត្រូវដ៏ស្រួចស្រាល់ គឺអ៊ីស្រាអ៊ែលស្ទើរតែបានដួលរលំ បន្ទាប់ពីរងការវាយប្រហារសងសឹកពីសាធារណរដ្ឋឥស្លាម។ របបគាំទ្រលទ្ធិហ្សាអឺនស្ទើរតែដួលរលំ និងត្រូវបានកម្ទេច ដោយសារការវាយប្រហាររបស់សាធារណរដ្ឋឥស្លាម»។
លោក Khamenei បានបន្ថែមថា សហរដ្ឋអាមេរិក មិនបាន «ទទួលផលអ្វីសោះ» ពីប្រតិបត្តិការរបស់ខ្លួន ដែលមើលឃើញទីតាំងនុយក្លេអ៊ែរត្រូវបានវាយប្រហារ។ លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានសម្រេចចូលរួមក្នុងសង្គ្រាមដោយផ្ទាល់ ដោយជឿជាក់ថា ការមិនព្រមចូលធ្វើអន្តរាគមន៍របស់ខ្លួន នឹងនាំឲ្យរបបគាំទ្រលទ្ធិហ្សាអឺនត្រូវបានបំផ្លាញទាំងស្រុង៕