រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែមិថុនា) នេះ បាននិយាយថា ប្រទេសរុស្ស៊ីចង់ឲ្យអ៊ីរ៉ង់បន្តកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។
កាលពីថ្ងៃពុធ សភាអ៊ីរ៉ង់បានអនុម័តសេចក្ដីស្នើច្បាប់ ដើម្បីផ្អាកកិច្ចសហប្រតិបត្តិការជាមួយ IAEA ដែលជាស្ថាប័នឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) បន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាយុទ្ធនាការដែលមានបំណងរារាំងទីក្រុងតេអេរ៉ង់កុំឲ្យផលិតបានអាវុធនុយក្លេអ៊ែរ។
អ៊ីរ៉ង់តែងតែបានបដិសេធម្ដងហើយម្ដងទៀតថា ខ្លួនមានមិនចេតនាបែបនេះឡើយ។ រុស្ស៊ីដែលជាដៃគូយុទ្ធសាស្ត្រជាមួយអ៊ីរ៉ង់ បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ហើយប្រាប់ថា ទីក្រុងតេអេរ៉ង់មានសិទ្ធិអនុវត្តកម្មវិធីថាមពលនុយក្លេអ៊ែរសន្តិភាព។
តែយ៉ាងណាក្ដី លោក Lavrov បានកត់សម្គាល់ថា សភាអ៊ីរ៉ង់មិនមានអំណាចប្រតិបត្តិនោះឡើយ ដូច្នេះការសម្រេចរបស់ខ្លួន គឺគ្រាន់តែជាការផ្ដល់ប្រឹក្សាប៉ុណ្ណោះ។
លោកបានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងចាប់អារម្មណ៍ចង់ឲ្យអ៊ីរ៉ង់បន្តកិច្ចសហប្រតិបត្តិការជាមួយ IAEA។ យើងចាប់អារម្មណ៍ចង់ឲ្យគ្រប់គ្នាគោរពតាមមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ដែលបានលើកឡើងម្តងហើយម្តងទៀតថា អ៊ីរ៉ង់មិនផលិត ហើយនឹងមិនមានផែនការផលិតអាវុធនុយក្លេអ៊ែរនោះឡើយ»៕