ក្រុមអ្នកគាំទ្រហេសបូឡា បានដង្ហែរក្បួននៅជិតស្ថានទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុងបេរូត ប្រទេសលីបង់ ដើម្បីអបអរសាទរអ្វីដែលពួកគេនិយាយថា គឺជាជ័យជំនះរបស់អ៊ីរ៉ង់ អំឡុងសង្រ្គាមរយៈពេល ១២ថ្ងៃជាមួយអ៊ីស្រាអែល ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បានហត់នឿយ ប៉ុន្តែជម្លោះរវាងប្រទេសទាំង ២ អាចនឹងចាប់ផ្តើមម្តងទៀត ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាដំណាច់កិច្ចប្រជុំកំពូលអង្គការណាតូនៅប្រទេសហូឡង់ លោក Trump និយាយថា រដ្ឋបាលរបស់លោកមានគម្រោងចូលរួមកិច្ចប្រជុំជាមួយអ៊ីរ៉ង់ នៅសប្តាហ៍ក្រោយ បន្ទាប់ពីការខកខានកិច្ចប្រជុំរវាងប្រទេសទាំង ២ បង្ខំឲ្យមានការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ។
បទឈប់បាញ់ដ៏រង្គោះរង្គើរបានចាប់ផ្តើមចូលជាធរមានរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ ក្រោមសម្ពាធពីលោក Trump ធ្វើឲ្យកើតមានក្តីសង្ឃឹម ដើម្បីបញ្ចប់ការប្រឈមយោធាដាក់គ្នាធំបំផុតបំផុតពុំធ្លាប់មានរវាងប្រទេសបច្ចាមិត្តនៅតំបន់មជ្ឈិមបូព៌ានេះ ។
ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian កោតសរសើរដល់ជ័យជំនះដ៏អស្ចារ្យនៅក្នុងសង្រ្គាមដែលលោកនិយាយថា អ៊ីរ៉ង់បានបញ្ចប់ដោយជោគជ័យ ៕