ភ្នំពេញ៖ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់អង្ករ ១៤០តោន ដល់រដ្ឋបាលរាជធានីភ្នំពេញដើម្បីចែកជូនទៅខណ្ឌទាំង១៤ យកទៅបន្តចែកជូនពលរដ្ឋជួបការខ្វះខាត។
អំណោយជាអង្ករចំនួន ១៤០តោន របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគល់ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញបន្តចែកជូនទៅខណ្ឌទាំង ១៤ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចែកជូនបន្តទៅឲ្យប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌនីមួយៗ។ ពិធីប្រគល់ និងទទួលអង្ករនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅផែស្ងួតទ្រីភាព ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ក្នុងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ក្រោមវត្តមាន លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងឯកឧត្ដម ផាន់ ចាន់ថុល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឲ្យអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ គៀង ស្រីនាង។
ឯកឧត្ដម ផាន់ ចាន់ថុល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អង្ករដែលបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះមានចំនួន១៤០តោន ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន តាមរយៈអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ គៀង ស្រីនាង ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញចាត់ចែងបន្ត។
ក្នុងឱកាសនោះលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា អង្ករដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន នេះរដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់បន្តទៅឲ្យអាជ្ញាធរខណ្ឌទាំង១៤ភ្លាមៗតែម្តង ដោយក្នុងមួយខណ្ឌៗ ទទួលបានអង្ករចំនួន១០តោន ដើម្បីឲ្យអាជ្ញាធរខណ្ឌមានលទ្ធភាពបន្តយកទៅចែកប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀត។
លោក មាន ចាន់យ៉ាដា តំណាងឲ្យឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ដោយសម្តេចទាំទ្វេតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានផ្ដល់នូវអំណោយជាបន្តបន្ទាប់ ជូនទៅប្រជាពលរដ្ឋទីទ័លក្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្តែងសម្រាប់ពេលនេះ សម្ដេចទាំងទ្វេនៅបានប្រគល់ជូននូវអំណោយជាអង្កររហូតដល់១៤០តោន ដើម្បីឲ្យរដ្ឋបាលរាជធានី បន្តយកទៅចែកជូនដល់បងប្អូនទាល់ក្រនៅក្នុងរាជធានីភ្នំពេញបន្តទៀត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា