អធិការបតីអាល្លឺម៉ង់លោក Friedrich Merz និយាយថា ការសម្រេចចិត្តរបស់សម្ព័ន្ធមិត្តយោធាណាតូ ក្នុងការបង្កើនថ្លៃការពាដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)របស់រដ្ឋសមាជិក គឺជាសញ្ញាមួយនៃកម្លាំង និងការរួបរួមរបស់សម្ព័ន្ធមិត្ត ហើយលោកនិយាយថា រុស្ស៊ីពុំមានកម្លាំងគ្រប់គ្រាន់ក្នុងការវាយប្រហារណាតូទាំងមូលបាននោះទេ ។
លោក Merz និយាយផងដែរថា លោកបានជំរុញឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ធ្វើការឆ្ពោះទៅរកការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដោយរូបលោកធ្វើការសង្កត់ធ្ងន់ពីតួនាទីរបស់អាមេរិក ក្នុងការបង្កើនទណ្ឌកម្មលើរុស្ស៊ី ។
ថ្លែងទៅកាន់សន្និសីទសារព័ត៌មាននៅទីក្រុងឡាអេ បន្ទាប់ពីជំនួបជាមួយលោក Trump និងក្រុមមេដឹកនាំអង្គការណាតូ លោក Merz និយាយថា បណ្តាប្រទេសអឺរ៉ុបត្រូវការការជាប់ពាក់ព័ន្ធខ្លាំងជាងមុនរបស់សហរដ្ឋអាមេរិក ក្នុងវិធានការសេដ្ឋកិច្ចមានគោលដៅលើទីក្រុងម៉ូស្គូ ។
លោកនិយាយថា លោកបានជំរុញជាថ្មីម្តងទៀតឲ្យលោក Donald Trump ធ្វើរឿងនេះ ដើម្បីឲ្យអាមេរិកអាចដាក់សម្ពាធខ្លាំងជាងមុនលើទីក្រុងម៉ូស្គូ វិលត្រឡប់មករកតុចរចាវិញ ៕