ក្រុមតំណាងរាស្រ្តកូរ៉េខាងត្បូង បាននិយាយដោយលើកប្រភពពីទីភ្នាក់ងារចារកម្មថា
កូរ៉េខាងជើងអាចដាក់ពង្រាយទាហានបន្ថែមទៀតទៅកាន់រុស្ស៊ី
ធ្វើសង្រ្គាមជាមួយអ៊ុយក្រែននៅខែកក្កដា ឬខែសីហាខាងមុខនេះ
ហើយទីក្រុងព្យុងយ៉ាងនៅតែបន្តផ្គត់ផ្គង់អាវុធដល់រុស្ស៊ី ។
លោក Lee Seong-kweun គឺជាសមាជិកសភាកូរ៉េខាងត្បូង
និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានបិទទ្វារថា ទីភ្នាក់ងារចារកម្មជាតិ(NIS) មានជំនឿថា រុស្ស៊ីអាចនឹងត្រៀមខ្លួនរួចរាល់ក្នុងការវាយលុកទ្រង់ទ្រាយធំលើអ៊ុយក្រែននៅខែកក្កដា
ឬខែសីហាខាងមុខនេះ ។
លោក Lee និយាយថា ពេលវេលានៃការដាក់ពង្រាយទាហានបន្ថែមទៀត
អាចនឹងកើតឡើងនៅខែកក្កដា ឬខែសីហា ។
ទីភ្នាក់ងារ NIS បានលើកឡើងថា ការប្រមូលផ្តុំទាហានថ្មីសម្រាប់ការបញ្ចូនដោយកូរ៉េខាងជើង
និងដំណើរទស្សនកិច្ចកាលពីពេលថ្មីទៅកាន់ទីក្រុងព្យុងយ៉ាងដោយមន្រ្តីសន្តិសុខប្រធានាធិបតីជាន់ខ្ពស់រុស្ស៊ី
គឺជាមូលដ្ឋាន សម្រាប់ការវាយតម្លៃរបស់ពួកគេ ។
លោក Leeនយាយទៀតថា
ជាថ្នូរសម្រាប់ឲ្យកូរ៉េខាងជើងបញ្ជូនគ្រាប់កាំផ្លើងធំ និងមីស៊ីលទៅកាន់រុស្ស៊ី
ទីក្រុងព្យុងយ៉ាង ទំនងជាទទួលបានការណែនាំបច្ចេកវិទ្យាលើការបាញ់បង្ហោះផ្កាយរណប
និងប្រព័ន្ធតម្រង់គោលដៅមីស៊ីល ៕