នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសចិន បានច្រានចោលថា ចិនពុំបានផ្គត់ផ្គង់អាវុធដល់ភាគីណាមួយនោះឡើយនៅក្នុងសង្រ្គាមអ៊ុយក្រែន ហើយពួកគេបានចោទប្រកាន់មន្រ្តីពាក់ព័ន្ធរបស់អង្គការណាតូ ដែលបាននិយាយមូលបង្កាច់ការកសាងយោធាធម្មតារបស់ពួកគេ ។
លោក Guo Jiakun គឺជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ជាការឆ្លើយតបនឹងអគ្គលេខាធិការអង្គការណាតូលោក Mark Rutte ដែលបាននិយាយថា មាននូវការកសាងយោធាទ្រង់ទ្រាយធំនៅក្នុងប្រទេសចិន និងចិនគាំទ្រកិច្ចខិតខំសង្រ្គាមនៅអ៊ុយក្រែន ។
គួរឲ្យដឹងថា សមាជិកអង្គការណាតូ បានយល់ព្រមបង្កើនថ្លៃការពារដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប គឺជាការបង្កើនធំមួយនៅក្នុងការចំណាយលើវិស័យការពារជាតិរបស់ពួកគេ ជាការឆ្លើយតបនឹងការទទួចចង់បានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpថា អឺរ៉ុបត្រូវមានទំនួលខុសត្រូវច្រើនជាងនេះ សម្រាប់សន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ ។
ខណៈពេលនោះដែរ អធិការបតីអាល្លឺម៉ង់លោក Friedrich Merz និយាយថា ការសម្រេចចិត្តរបស់សម្ព័ន្ធមិត្តយោធាណាតូ ក្នុងការបង្កើនថ្លៃការពាដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)របស់រដ្ឋសមាជិក គឺជាសញ្ញាមួយនៃកម្លាំង និងការរួបរួមរបស់សម្ព័ន្ធមិត្ត ហើយលោកនិយាយថា រុស្ស៊ីពុំមានកម្លាំងគ្រប់គ្រាន់ក្នុងការវាយប្រហារណាតូទាំងមូលបាននោះទេ ៕