រយៈពេល ១ថ្ងៃ ក្រោយបាតុកម្មនៅទូទាំងប្រទេសបានអង្រួនកេនយ៉ា ម្ចាស់ធុរកិច្ចនៅមជ្ឈមណ្ឌលទីក្រុង Nairobiបានវាយតម្លៃការខូចខាតរបស់ពួកគេ បន្ទាប់ពីរលកនៃករណីចោរកម្ម និងការដុតកម្ទេចចោល ។
គួរឲ្យដឹងថា មនុស្សយ៉ាងតិច ១៦នាក់ បានស្លាប់ ក្នុងអំឡុងបាតុកម្មយ៉ាងហិង្សាប្រឆាំងរដ្ឋាភិបាលទូទាំងប្រទេស នៅកេនយ៉ា កាលពីថ្ងៃពុធ ដែលភាគច្រើននៃជនរងគ្រោះត្រូវបានសម្លាប់ដោយនគរបាល រយៈពេលមួយឆ្នាំបន្ទាប់ពីបាតុកម្មដ៏បង្ហូរឈាមប្រឆាំងនឹងច្បាប់ពន្ធមួយ ដែលឈានដល់ការសម្រុកយ៉ាងកម្រោលចូលក្នុងសភា ។
នាយកប្រតិបត្តិអង្គការលើកលែងទោសកេនយ៉ា លោក Irungu Houghton បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា បាតុករខ្លះបានប៉ះទង្គិចជាមួយនគរបាល ហើយមនុស្ស ១៦នាក់ត្រូវបាន បញ្ជាក់ផ្ទៀងផ្ទាត់ថាបានស្លាប់ ។
ស្របពេលដែលក្រុមបាតុករទាមទាររកយុត្តធម៌ និងការទទួលខុសត្រូវ ធុរកិច្ចជាច្រើន បានរងការខូចខាត ពេលដែលមានការប្រឈមដាក់គ្នារវាងបាតុកម្ម និងក្រុមនគរបាល ៕