ប្រភពវេជ្ជសាស្រ្ត និយាយប្រាប់កាសែត Al Jazeera ថា មនុស្សជាង ៣០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប ស្របពេលដែលរដ្ឋមន្រ្តីសន្តិសុខជាតិអ៊ីស្រាអែល បានអំពាវនាវឲ្យផ្អាកទាំងស្រុងការផ្គត់ផ្គង់ជំនួយមនុស្សធម៌ដល់ដែនដីប៉ាឡេស្ទីនមួយនេះ ។
ក្រុមអាជ្ញាធរសុខភាពក្នុងស្រុកនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារតាមច្រកអាកាសអ៊ីស្រាអែល បានសម្លាប់មនុស្ស ១៥នាក់ នៅក្នុងការវាយប្រហារ ២លើកដាច់ដោយឡែកពីគ្នា នៅទីក្រុងហ្កាហ្សា រួមទាំងមនុស្ស ៩នាក់ដែលត្រូវបានសម្លាប់នៅសាលារៀនដែលផ្តល់ជាទីជម្រកដល់គ្រួសារជម្លៀសខ្លួននៅតំបន់ជាយក្រុង Sheikh Radwan ។
ការវាយប្រហារដាច់ដោយឡែកមួយទៀត បានសម្លាប់មនុស្ស ៩នាក់ នៅជិតជំរំសំពត់តង់ក្នុងទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងដែនដីបិទច្រកមួយនេះ ។
ប្រភពពីមន្ទីរពេទ្យបាននិយាយប្រាប់កាសែត Al Jazeera ថា មនុស្ស ៩នាក់ ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងការវាយប្រហារយានដ្រូនលើផ្លូវក្នុងផ្សារនៅជំរំ Deir el-Balah ធ្វើឲ្យចំនួនមនុស្សស្លាប់នៅថ្ងៃពុធពីការវាយប្រហាររបស់អ៊ីស្រាអែលកើនឡើងដល់ ៣០នាក់ ។
ក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនរាយការណ៍ថា មនុស្ស ៣នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល ពេលដែលពួកគេរង់ចាំជំនួយមនុស្សធម៌នៅជិតចំណុចចែកចាយជំនួយ បង្កើតឡើងដោយមូលនិធិមនុស្សធម៌ហ្កាហ្សាគាំទ្រដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ៕