មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បាននិយាយនៅក្នុងសេចក្តីអត្ថាធិប្បាយលើកដំបូងរបស់លោកតាមកញ្ចក់ទូរទស្សន៍បញ្ចេញនៅថ្ងៃព្រហស្បតិ៍នេះ ចាប់តាំងពីបទឈប់បាញ់ឈានដល់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលថា រាល់ការឈ្លានពាននាពេលអនាគតណាមួយលើអ៊ីរ៉ង់ នឹងត្រូវតបស្នងខ្លាំងបំផុត ។
សេចក្តីអត្ថាធិប្បាយថតទុកមុនរបស់លោក ត្រូវបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ ។ ដូចគ្នានៅក្នុងសេចក្តីអត្ថាធិប្បាយលើកចុងក្រោយរបស់លោកដែលបានបញ្ចេញកាលពីរយៈពេលជាង ១សប្តាហ៍មុន អំឡុងការទម្លាក់គ្រាប់បែករយៈពេល ១២ថ្ងៃរបស់អ៊ីស្រាអែល លោក Khamenei បាននិយាយពីទីតាំងបិទជិតមិនបញ្ចេញឲ្យដឹងនៅមុខវាំងននពណ៌ត្នោត ចន្លោះទង់ជាតិអ៊ីរ៉ង់ និងរូបថតអ្នកឡើងកាន់អំណាចមុនរបស់លោក គឺលោក Ruhollah Khomeini ។
លោក Khamenei បន្តថា ពួកគេវាយប្រហារទីតាំងនុយក្លេអ៊ែររបស់ពួកយើង ជាការពិតណាស់ថាវាគឺជាកម្មវត្ថុនៃការកាត់ទោសឯករាជ្យនៅតុលាការអន្តរជាតិ ប៉ុន្តែពួកគេពុំអាចសម្រេចបានអ្វីណាមួយជាដុំកំភួននោះទេ ។
ពេលសួរថាតើសហរដ្ឋអាមេរិកនឹងវាយប្រហារអ៊ីរ៉ង់ម្តងទៀត បើសិនជាអ៊ីរ៉ង់កសាងឡើងវិញកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមសម្រាប់អាវុធនុយក្លេអ៊ែរ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpនិយាយកាលពីថ្ងៃពុធថា វាប្រាកដខ្លាំងណាស់ ៕