ស្របពេលដែលវិបត្តិទឹកធ្ងន់ធ្ងរវាយប្រហារតំបន់ជាច្រើននៅប្រទេសអ៊ីរ៉ាក់ បង្ខំឲ្យក្រុមអាជ្ញាធរបង្ខំមិនអនុញ្ញាតឲ្យធ្វើកសិកម្មខែប្រាំង និងដាំស្រូវនោះ ប្រជាកសិករជាច្រើននៅខេត្តភាគខាងត្បូង Najaf បានសម្រេចចិត្តបោះបង់ចោលដីស្រែចម្ការរបស់ពួកគេ ។
លោក Haider Al-Athari គឺជាកសិករក្នុងស្រុកមួយរូប និយាយថា ដីដែលពួកយើងដាំដុះ ធ្លាប់មាន ២០ហិចតា ។ រដ្ឋាភិបាលចាប់ផ្តើមកាត់បន្ថយដីរបស់ពួកយើងបន្តិចម្តងៗ ហើយនៅឆ្នាំ ២០២៣-២៤ ដីរបស់ពួកយើងធ្លាក់មកនៅត្រឹម ៨ហិចតា ។
លោក Al-Athari បន្តថា ប្រជាកសិករដែលដីរបស់ពួកគេនៅជិតទីក្រុង ចាប់ផ្តើមលក់ដីរបស់ពួកគេ ។ ស្ថានភាពរបស់ពួកយើងនៅទីនេះ ប្រៀបបាននឹងសោកនាដកម្មមួយ ពីព្រោះថា ពួកយើងលែងអាចដាំដុះបានទៀតហើយ ដោយសារតែវិបត្តិទឹក ។
ធ្លាប់ជាតំបន់ដីមានជីជាតិ បច្ចុប្បន្នខេត្ត Najaf ប្រឈមនឹងវិបត្តិទឹកធ្ងន់ធ្ងរ បណ្តាលមកពីគ្រោះរាំងស្ងួត បម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងទឹកអន់ ដែលស្ថិតក្នុងចំណោមកត្តារួមផ្សំជាច្រើនទៀត ។
សូមបញ្ជាក់ថា អ៊ីរ៉ាក់ពឹងផ្អែកលើទន្លេ Tigris និងទន្លេ Euphrates ដែលទំហំទឹករបស់វា បានធ្លាក់ចុះយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ខ្សែទឹកខាងលើរបស់វាដែលមានប្រភពនៅប្រទេសទួរគី និងអ៊ីរ៉ង់ ជាប្រទេសបានសាងសង់ទំនប់ទឹក ដើម្បីដោះស្រាយវិបត្តិទឹកផ្ទាល់ខ្លួនរបស់ពួកគេដែរនោះ បានធ្វើឲ្យបញ្ហាទឹកកាន់តែធ្ងន់ធ្ងរខ្លាំង ៕