
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា គៀងគរចំណូល តាមរយៈយន្តការបោះផ្សាយមូលបត្ររដ្ឋ, ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជនសម្រាប់រយៈពេលមធ្យម និងវែង និងការអនុវត្តគោលនយោបាយរូបិយវត្ថុ ក្នុងការជំរុញឱ្យមានការចូលរួមពីវិស័យធនាគារ ដើម្បីធានាបាននូវសន្ននីយភាព និងការធានានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងរូបិយបណ្ណជាតិ។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស ស្តីពីការត្រួតពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ បូក២ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ នៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២១ នេះថា ការគៀរគររកធនធានបន្ថែមរួមមាន ការបន្តកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដោយស្នើឱ្យដៃគូអភិវឌ្ឍន៍ ពិនិត្យមើលលទ្ធភាពជាក់ស្ដែង ក្នុងការជួយគាំទ្រទាំងផ្នែកធនធាន និងហិរញ្ញប្បទាន។
សូមបញ្ជាក់ថា៖ តាមរយៈរបាយការណ៍វឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក ២ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១, ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្នុងនោះ ការប្រមូលចំណូលសរុបក្នុងរយៈពេល ៩ ខែ បានប្រមាណ ១៥ ៨៩៥ ប៊ីលានរៀល ស្មើនឹង ៧៥% ធៀបនឹងច្បាប់ ដែលវឌ្ឍនភាពនៃការប្រមូលចំណូលនេះ ជាកំណើនដែលងើបឡើងវិញ និងល្អប្រសើរ បើធៀបនឹងការអនុវត្តនៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។
ចំណែកការអនុវត្តចំណាយវិញ, រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ជាចម្បងលើវិស័យសង្គមកិច្ច ដែលការចំណាយលើវិស័យនេះ អនុវត្តបានប្រមាណ ៩៨% ធៀបនឹងច្បាប់ បើគិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០២១ និងរំពឹងថា ការអនុវត្តចំណាយរដ្ឋសរុបប្រចាំឆ្នាំ អាចនឹងសម្រេចបានក្នុងកម្រិតប៉ាន់ស្មាន ១០៨ .៧% ធៀបនឹងច្បាប់។
បញ្ហានេះ អាចឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីប្រសិទ្ធភាព នៃការពង្រឹងភាពជឿទុកចិត្ត ថវិកានៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលផ្តល់ឱ្យរាជរដ្ឋាភិបាលកម្ពុជា ទទួលបានភាពគ្រប់គ្រាន់នៃសាច់ប្រាក់ នៅក្នុងពេលមានវិបត្តិ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខក៏ដូចជាការបន្តនិរន្តរភាពការងារប្រចាំថ្ងៃបានរលូន៕ អត្ថបទ៖ សុន រ៉ាឌី