មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៦ មិថុនា) ថា ទីក្រុងតេអេរ៉ង់ នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងការវាយប្រហារណាមួយរបស់អាមេរិកនាពេលអនាគតដោយការវាយលុកលើមូលដ្ឋានយោធាអាមេរិកនៅតំបន់មជ្ឈិមបូព៌ា នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាលើកដំបូងរបស់លោក ចាប់តាំងពីបទឈប់បាញ់មួយត្រូវបានឈានដល់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។

លោក Khamenei វ័យ ៨៦ឆ្នាំ បានអះអាងជ័យជម្នះបន្ទាប់ពីសង្គ្រាមរយៈពេល ១២ថ្ងៃ ដោយមានការវាយប្រហាររបស់អ៊ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិកដ៏ធំបំផុតនៅក្នុងតំបន់ ដែលមានទីតាំងនៅប្រទេសកាតា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានចូលរួមការវាយប្រហាររបស់អ៊ីស្រាអែល។ លោក Khamenei បាននិយាយថា "សាធារណរដ្ឋអ៊ិស្លាមមួយនេះបានទះកំផ្លៀងអាមេរិក ហើយបានវាយប្រហារមូលដ្ឋានទ័ពអាមេរិក ដ៏សំខាន់មួយនៅក្នុងតំបន់"។
ដូចនឹងការអត្ថាធិប្បាយចុងក្រោយរបស់លោក ដែលចេញផ្សាយកាលពីជាងមួយសប្តាហ៍មុន ក្នុងអំឡុងពេលនៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលដែរ សុន្ទរកថាថ្មីនេះលោកបាននិយាយចេញពីទីតាំងដែលមិនត្រូវបានបង្ហាញនៅពីមុខវាំងននពណ៌ត្នោត ចន្លោះទង់ជាតិអ៊ីរ៉ង់ និងរូបបញ្ឈររបស់អ្នកកាន់តំណែងពីមុនរបស់លោកគឺលោក Ruhollah Khomeini ។
នៅក្នុងសុន្ទរកថាថតទុកមុនដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក Khamenei បានសន្យាថា អ៊ីរ៉ង់នឹងមិនចុះចាញ់ឡើយ បើទោះបីជាមានការអំពាវនាវរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក៏ដោយ។ នៅពេលត្រូវសាកសួរថាតើសហរដ្ឋអាមេរិកនឹងវាយប្រហារម្តងទៀតដែរឬទេ ប្រសិនបើអ៊ីរ៉ង់ បង្កើតកម្មវិធីពង្រឹងនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ លោក Trump កាលពីថ្ងៃពុធ បានឆ្លើយថានោះជារឿង "ប្រាកដណាស់"៕

