មន្ត្រីពីររូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៦ មិថុនា) ថា អ៊ីស្រាអែល បានបញ្ឈប់លំហូរជំនួយមិនឱ្យចូលទៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង ប៉ុន្តែនៅតែអនុញ្ញាតឱ្យចូលពីភាគខាងត្បូង ជុំវិញក្ដីបារម្ភថាក្រុមហាម៉ាស លួចប្លន់ស្បៀងអាហារ ខណៈរូបភាពតាមប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញក្រុមបុរសពាក់ម៉ាស់ជិះលើរថយន្តជំនួយ ក្នុងអ្វីដែលពួកគេនិយាយថាជាការការពារជំនួយប៉ុណ្ណោះ មិនមែនជាគ្នីគ្នារបស់ក្រុមហាម៉ាស ដែលកំពុងលួចគ្រឿងផ្គត់ផ្គង់នោះទេ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បាននិយាយកាលពីល្ងាចថ្ងៃពុធថា លោកបានបញ្ជាឱ្យយោធាបង្ហាញផែនការក្នុងពេលពីរថ្ងៃ ដើម្បីរារាំងក្រុមហាម៉ាស មិនឱ្យលួចប្លន់ជំនួយ។ លោកទាំងពីរបានលើកឡើងនូវព័ត៌មានមិនជាក់លាក់ថ្មីដែលបង្ហាញថា ក្រុមហាម៉ាសកំពុងដណ្តើមយកជំនួយសម្រាប់ជនស៊ីវិលនៅភាគខាងជើងហ្កាហ្សា។

វីដេអូមួយដែលត្រូវផ្សព្វផ្សាយកាលពីថ្ងៃពុធ បានបង្ហាញពីក្រុមបុរសពាក់ម៉ាស់រាប់សិបនាក់ ខ្លះមានកាំភ្លើងវែងប៉ុន្តែភាគច្រើនកាន់ដំបង ជិះលើរថយន្តជំនួយ ក្នុងអ្វីដែលពួកគេនិយាយថាគឺដើម្បីការពារស្បៀងអាហារសង្រ្គោះជីវិតទាំងនោះ។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក David Mencer បានប្រាប់អ្នកយកព័ត៌មានថា ជំនួយកំពុងបន្តចូលពីភាគខាងត្បូង ប៉ុន្តែមិនបានបញ្ជាក់ពីថាតើការផ្គត់ផ្គង់ណាមួយបានចូលនៅក្នុងភាគខាងជើងឬក៏អត់នោះទេ។
ក្រុមហាម៉ាស — ដែលជាក្រុមសកម្មប្រយុទ្ធគ្រប់គ្រងតំបន់ហ្កាហ្សាអស់ជាងពីរទសវត្សរ៍ ប៉ុន្តែឥឡូវនេះគ្រប់គ្រងតែផ្នែកខ្លះនៃទឹកដីនេះប៉ុណ្ណោះបន្ទាប់ពីសង្គ្រាមជិតពីរឆ្នាំជាមួយអ៊ីស្រាអែល — បានបដិសេធថាខ្លួនមិនជាប់ពាក់ព័ន្ធនឹងការការពារស្បៀងអាហារនោះទេ។

គួរឱ្យដឹងថា រថយន្តជំនួយ និងឃ្លាំងស្តុកសម្ភារៈត្រូវបានលួច ជាញឹកញាប់ដោយប្រជាជនប៉ាឡេស្ទីនដែលអស់សង្ឃឹម និងស្រេកឃ្លាន។ អ៊ីស្រាអែលចោទក្រុមហាម៉ាសថាជាអ្នកលួចជំនួយសម្រាប់យុទ្ធជនផ្ទាល់ខ្លួន ឬលក់ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិការរបស់ខ្លួន ប៉ុន្តែក្រុមហាម៉ាស បានបដិសេធ៕