អ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ មិថុនា បានច្រានចោលដែលថា ខ្លួនគ្រោងនឹងបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីការបញ្ចប់សង្គ្រាមរយៈពេល១២ថ្ងៃជាមួយអ៊ីស្រាអែល ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បាននិយាយបំផ្លើសពីផលប៉ះពាល់នៃការវាយប្រហាររបស់អាមេរិក។

ជម្លោះធ្ងន់ធ្ងរបំផុតរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានបង្អាក់ដល់កិច្ចចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ប៉ុន្តែលោកប្រធានាធិបតី Donald Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងជួបចរចាជាមួយទីក្រុងតេអេរ៉ង់នៅសប្តាហ៍ក្រោយ ដោយបេសកជនពិសេសរបស់លោក លោកSteve Witkoff បង្ហាញក្តីសង្ឃឹម សម្រាប់កិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយ។

ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ឈប់នូវអ្វីដែលលោកបាននិយាយថា គឺជា «ការរំពឹងទុក» ដែលថាទីក្រុងតេអេរ៉ងនឹងចូលទៅកាន់តុចរចា និងបាននិយាយថា វា «មិនគួរត្រូវបានយកចិត្តទុកដាក់ខ្លាំងទេ»។ លោកបាននិយាយតាមទូរទស្សន៍រដ្ឋថា «ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា គ្មានកិច្ចព្រមព្រៀង គ្មានការរៀបចំ ឬការសន្ទនាណាមួយ ត្រូវបានធ្វើឡើងដើម្បីចាប់ផ្តើមការចរចាថ្មីទេ»។ «មិនទាន់មានផែនការណាមួយត្រូវបានកំណត់នៅឡើយ ដើម្បីចាប់ផ្តើមការចរចា»។
ការច្រានចោលរបស់លោក Araghchi បានធ្វើឡើងខណៈសមាជិកសភាអ៊ីរ៉ង់បានអនុម័តសេចក្តីស្នើច្បាប់មួយ ដោយផ្អាកកិច្ចសហប្រតិបត្តិការជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ និងបន្ទាប់ពីមេដឹកនាំកំពូល លោក Ayatollah Ali Khamenei បានចោទប្រកាន់លោក Trump ពីការនិយាយបំផ្លើសពីផលប៉ះពាល់នៃការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។