ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមបណ្ឌិតដែលជាជនជាតិខ្មែរនិងបានសិក្សានៅក្រៅប្រទេសចំនួន ២៤រូប បានចេញលិខិតចំហរដោយទាមទារឲ្យទណ្ឌិត សម រង្ស៊ី សុំទោសជាសាធារណៈចំពោះការប្រមាថដល់សញ្ញាបត្ររបស់បេក្ខជននាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត។
ក្រុមបណ្ឌិតដែលសិក្សានៅបរទេសទាំង ២៤ រូបនោះ បានសង្កត់ធ្ងន់ថា«យើងខ្ញុំទាំងអស់គ្នាជាអតីតនិស្សិតថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស សូមសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះអ្នកនយោបាយចាស់វស្សាមួយរូប ដែលបានធ្វើការវាយតម្លៃបែបបង្អាប់ពីគុណភាពសញ្ញាបត្រសិក្សានៅក្រៅប្រទេស របស់និស្សិតកម្ពុជាថា ជាសញ្ញាបត្រ ប្រភេទទីពីរ ឬសញ្ញាបត្រយោគយល់»។ បន្ថែមពីលើនេះ ក្រុមបណ្ឌិតទាំងនោះ បានបន្តថា ការថ្លែងជាសាធារណៈរបស់អ្នកនយោបាយខាងលើនេះ ពិតជាបានប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងការមិនទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់ពួកខ្លួន ដែលបានជំនះរាល់ឧបសគ្គនានា ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា ហើយការថ្លែងបែបនេះពិតជាបានប៉ះពាល់ដល់គុណភាពអប់រំនៃគ្រឹះស្ថានឧត្តមសិក្សានានានៅក្រៅប្រទេស ដែលពួកខ្លួនបានសិក្សាក្រេបយក ចំណេះដឹងផងដែរ»។
ជាមួយគ្នានេះ ក្រុមបណ្ឌិតទាំង២៤ រូប ដែលបានសិក្សា នៅអាមេរិក ចិន កូរ៉េខាងត្បូង និងជប៉ុន ជាដើម បានប្រកាសគាំទ្រចំពោះការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅទំព័របណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់របស់ឯកឧត្តម កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ដោយស្នើអ្នកនយោបាយខាងលើបញ្ចាក់ពី អំណះអំណាង ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់និស្សិតដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទស។
នៅក្នុងលិខិតចំហរដដែលនោះ ក្រុមបណ្ឌិត ក៏បានទាមទារឲ្យលោក សម រង្ស៉ី កែតម្រូវ និងសុំទោសជាសាធារណៈចំពោះការលើកឡើងដែលគ្មានភស្តុតាង និងគ្មានទំនួលខុសត្រូវពីគុណភាពអប់រំដែលពួកគេទទួលបាននៅក្រៅប្រទេស ដើម្បីបង្ហាញពីគំរូវីរភាពដល់អ្នកដឹកនាំជំនាន់ក្រោយ៕ អត្ថបទ ជា ធីរិទ្ធ